ឈ្មួញ​ឈ្មោះ ​ម៉ែ អាម៉េង ជើង​ខ្លាំង​យកឈ្មោះ​អ្នកធំមកកាង​​រត់ពន្ធគ្រឿងក្នុងជ្រូក ​និង​សាច់បង្កក​ពីថៃ​តាម​ច្រកអូរស្មាច់ ត្រូវ​បាន​បង្ក្រាប

58

កំពង់ចាម ៖ រថយន្ដដឹក​ផលិតផលកែច្នៃ​(ប្រហិត ហតដកសាច់ក្ដាម ហតដកសាច់មាន់ចំនួនសរុប​១៨ ៤៥៤គីឡូក្រាមរបស់ឈ្មួញ​ឈ្មោះ ម៉ែ អាម៉េង ល្បីជើងខ្លាំងរត់ពន្ធគ្រឿងក្នុងជ្រូក​និងសាច់បង្កក​ពីថៃ តាមច្រកអូរស្មាច់ តែងតែយកឈ្មោះអ្នកធំមកកាង​ ត្រូវបានបង្ក្រាប នៅភូមិបាធាយ ឃុំបាធាយ​ ស្រុកបាធាយ ខេត្តកំពង់ចាម ខណៈមួយកុងតឺន័រទៀតបើកគេចបាត់ ។

​តាមប្រភពពីមន្ដ្រីជំនាញ បាន​ឲ្យដឹងថា នៅវេលាម៉ោង០០ និង១៥នាទីទៀបភ្លឺ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការបញ្ជាដោយផ្ទាល់ពីឯកត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួល​បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍​បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និងបសុព្យាបាលនៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ចុះស្ទាក់​ចាប់​រថយន្ត​មួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ២០តោន(V1) ពាក់ស្លាកលេខកំពង់ចាម៣A ៩៩៨៣ បានដឹកផលិតផលកែច្នៃពីសត្វ (ប្រហិត)​ចំនួន​សរុប ១៨,៤៥៤ គីឡូក្រាម ( ហតដកសាច់ក្ដាម៧,៥០៤គីឡូក្រាម និងហតដកសាច់មាន់ ១០,៩៥០ គីឡូក្រាម) ឃាត់នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ រថយន្តខាងលើបាននាំចូលផលិតផលមានដើមកំណើតពីសត្វ(ប្រហិត) មកពីប្រទេសថៃ តាមច្រកអូរស្មាច់ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។

ប្រភពដដែល បានបន្ដថា​ ក្រុមការងារបានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័ក សត្វរបស់ឣគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ថា ឈ្មួញឈ្មោះ ម៉ែ អាម៉េង ជាជើងខ្លាំងរត់ពន្ធគ្រឿងក្នុងជ្រូក និងសាច់បង្កកពីថៃ​ តាម​ច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិត​អនុញ្ញាត​អ្វីទាំងអស់។ ការដឹកជញ្ជូនបានបែនេះ ប្រភពខ្លះ​លើកឡើងថា មេឈ្មួញ​រូបនេះ តែងតែយកឈ្មោះ​អ្នកធំមកកាង​ក្នុងការដឹកជញ្ជូន ជាក់ស្ដែង​ដូចករណីនេះអញ្ចឹង។

ជាមួយគ្នានេះដែរ ម​ន្ដ្រីជំនាញ បានអំពាវនាវ​សុំឲ្យសមត្ថកិច្ច​ នៅតាម​ច្រកព្រំដែនមេត្ដាជួយទប់ស្ដាត់ការនាំគ្រឿងក្នុងជ្រូក​ និងសាច់បង្កកពីថៃខុសច្បាប់ ដោយមិន​បានពិនិត្យ​ឲ្យបានត្រឹមត្រូវ​ អាចប្រឈមនិងការ​ចម្លងឆ្លងជំងឺផ្សេងៗ មកលើប្រជាជនកម្ពុជា ដែលទិញបរិភោគ ខណៈពេលនេះ ប្រទេសថៃ​កំពុងផ្ទុះជំងឺកូវីដ១៩៕

ដោយ ៖ ០៦៨ ៥៩ ៤០០០

ចំណែក