នគរបាលអន្តោប្រវេសន៍កម្ពុជា-ថៃ ឯកភាពគ្នា ផ្តល់ភាពងាយស្រួល ដល់សិស្សសាលាឆ្លងដែន ដើម្បីរៀនសូត្រ

បន្ទាយមានជ័យ ៖ ក្រោយកិច្ចប្រជុំពិភាក្សា រវាងនគរបាលអន្តោប្រវេសន៍កម្ពុជា ជាមួយអន្តោប្រវេសន៍ថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ សមត្ថកិច្ចទាំង២ប្រទេស បានឯកភាព ផ្តល់ភាពងាយស្រួល ដល់សិស្សសាលា ដោយលែងតម្រូវអោយប្រថាប់ត្រាចេញចូលជាប្រចាំទៀតហើយ គឺ ប្តូរមកមួយសប្តាហ៍ប្រថាប់ត្រាម្តងវិញ ។

នេះបើតាមការអោយដឹងពីលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ចក្រទ្វារអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។

លោកឧត្តមសេនីយ៍ត្រី អុី ចំរើន បានអោយដឹងទៀតថា ក្រៅពីការសម្របសម្រួលផ្តល់ភាពងាយស្រួល ដល់ក្មួយៗ ជាសិស្សានុសិស្ស ចេញចូលឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានសិស្សាទាន់ពេលវេលា កាលពីកន្លងមក លោកបានបន្តខិតខំសហការ ពិភាក្សាជាច្រើនលើក ជាមួយខាងអន្តោប្រវេសន៍ថៃ រកវិធីសាស្រ្តយ៉ាងណា កាន់តែងាយស្រួលបន្ថែមទៀត ដល់អាជីវករខ្មែរនៅផ្សាររោងក្លឿ ដែលមានកូនៗមករៀនខាងកម្ពុជា ។ ជាលទ្ធផល ភាគីទាំងពីរ បានឯកភាពគ្នាដោយកំណត់ ធ្វើការប្តូរកាតថ្មីរបស់សិស្ស ពីពណ៌ស មកពណ៌លឿងវិញ បិទលើប័ណ្ណព្រំដែនរបស់សិស្ស ឬអាណាព្យាបាលរបស់សិស្ស និងប្រថាប់ត្រាចេញចូលមួយសប្តាហ៍ម្តង ។ មានន័យថា សម្រាប់ការចេញចូលរបស់សិស្ស លែងតម្រូវអោយប្រថាប់ត្រារាល់ការចេញចូល ដូចមុនទៀតហើយ ។

ការឯកភាពនេះ បានផ្តល់ប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយការប្រថាប់ត្រា លើសៀវភៅប័ណ្ណព្រំដែន មិនអោយឆាប់អស់ និងមានភាពលឿន មិនចាំបាច់បោះត្រាពេលចេញ និងចូលថែមទាំងចេញចូលមួយថ្ងៃប៉ុន្មានដងក៍បាន ។

លោកឧត្តមសេនីយ៍ត្រី បានអោយដឹងទៀតថា បែបបទថ្មីដែលភាគីទាំងពីរឯកភាពគ្នា គឺ គ្រាន់តែអាណាព្យាបាល យកកាតចាស់ដែលបិទនិងប័ណ្ណព្រំដែនរបស់ពួកគាត់ មកដូរយកកាតពណ៌លឿងវិញ ដែលខាងថៃជាអ្នកធ្វើជូនតែប៉ុណ្ណោះ ។

លោកក៏បាន បញ្ជក់បន្ថែមទៀតថា រាល់ការចេញចូលរបស់សិស្សសាលា, មន្រ្តីរាជការ, ព្រះសង្ឃ មិនមានការប្រថាប់ត្រាយកលុយឡើយ ។ ដោយឡែកការតវ៉ាពីម្សិលមិញ របស់អាជីវកគឺខាងភាគីថៃ ជាអ្នករិតបន្តឹងលើក្មេងៗ ដែលមិនមានឯកសារគ្រប់គាន់ តម្រូវអោយអាណាព្យាបាល ជូនឆ្លងដែនតែប៉ុណ្ណោះចំពោះសិស្សានុសិស្ស ដែលចេញចូលមករៀន មានឯកសារគ្រប់គាន់ ដូចរាល់ដងមិនមានបញ្ហាអ្វីទេ ៕

CATEGORIES
Share This