ម៉ាស់ និងសម្ភារៈជាច្រើន ត្រូវបានប្រគល់ជូន អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្រុកទាំង១៤ នៃខេត្តបាត់ដំបង

50

បាត់ដំបង ៖ ម៉ាស់ រួមនិងសម្ភារៈអប់រំផ្សព្វផ្សាយស្តីពីជំងឺកូវីដ-១៩ និងការងារគ្រប់គ្រង់គ្រោះមហន្តរាយជាច្រើន ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្រុកទាំង១៤ និងក្លិបយុវជនកាកបាទក្រហមកម្ពុជា ចំនួន៦ នៃសាខាខេត្តបាត់ដំបង ។

ការប្រគល់សម្ភារៈទាំងនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសិក្ខាសាលាវគ្គតម្រង់ទិស ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការត្រៀមរៀបចំឆ្លើយតបគ្រោះមហន្តរាយ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត ដោយមានការអញ្ចើញចូករួមពីគណៈកម្មាធិការសាខា អនុសាខា មន្រ្តីប្រចាំការអនុសាខា លោកនាយកសាលា គ្រូទីប្រឹក្សាយុវជនសរុប ៤៥នាក់ ស្រី១២នាក់។

កិច្ចប្រជុំនេះ ក្នុងគោលបំណង ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់មន្រ្តីអនុសាខា កាកបាទក្រហមកម្ពុជា អំពីគោលគំនិតជាមូលដ្ឋាន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ហើយមន្រ្តីអនុសាខាសាខា អាចយកចំណេះដឹងទាំងនេះ ទៅផ្សព្វផ្សាយបន្តដល់អ្នកស្ម័គ្រចិត្ត និងសហគមន៍យល់ដឹង ពីមុខសញ្ញាគ្រោះថ្នាក់ភាពងាយរងគ្រោះ និងសមត្ថភាពយល់ដឹងអំពីការងារគ្រប់គ្រងគ្រោះមហន្តរាយ យន្តការឆ្លើយតបគ្រោះមហន្តរាយ របស់កាកបាទក្រហមកម្ពុជា ,ផ្សព្វផ្សាយចំណេះដឹងបន្តទៅដល់អ្នកស្ម័គ្រចិត្ត និងសហគមន៍ងាយរងគ្រោះ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរចំពោះអនុសាខាកាកបាទក្រហមកម្ពុជា ទាំង ១៤ក្រុងស្រុក ក្លឹបយុវជនកាកបាទក្រហមកម្ពុជាតាមគ្រឹះស្ថានសិក្សា ដែលបាននិងកំពុង ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាការផ្តល់អំណោយមនុស្សធម៌ ដូចភ្លៀងរលឹមជួយសម្រាលការលំបាកផ្នែកជីវភាពដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ ។ល។

ឯកឧត្តមបណ្ឌិត បានបន្តថា ក្នុងតួនាទីជា ជំនួយការ អាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បាននិងកំពុង ធ្វើប្រតិបត្តិការយ៉ាងសកម្ម ជួយសម្រាលទុក្ខលំបាក ដោះស្រាយសេចក្តីត្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋងាយរងគ្រោះ នៅតាមសហគមន៍ និងចូលរួមចំណែកខិតខំដោះស្រាយ ផលវិបាកនានានៅក្នុងសង្គមជាតិ ដែលបង្កឡើងដោយគ្រោះមហន្តរាយ និងការប្រែប្រួល អាកាសធាតុ ។ ស្របតាមយុទ្ធសាស្រ្ត២០២១-២០៣០ដែល កំណត់យកការងារគ្រប់គ្រងគ្រោះមហន្តរាយជាវិស័យស្នូលទី១ កាកបាទក្រហមកម្ពុជា បានអនុវត្ត សកម្មភាពជាច្រើនដើម្បីពង្រឹងភាពធន់មាំ របស់សហគមន៍ចំពោះគ្រោះមហន្តរាយ និងការប្រែប្រួល អាកាសធាតុ រួមមាន ការកសាងសមត្ថភាពនៅកម្រិតថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ការត្រៀមបង្ការ ការឆ្លើយតប ការផ្សព្វផ្សាយ និង យុទ្ធនាការ អំពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងអនុវត្តវិធានការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយផ្សេងៗព្រមទាំងបញ្រ្ជាបកិច្ចការទាំងនេះជាមួយការងារអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ  ។

ជាមួយគ្នានេះ ក្រុមប្រតិបត្តិសាខា បានធ្វើបទបង្ហាញស្តីពី ប្រវត្តិគំនិត១របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម  ការងារត្រៀមបង្កាគ្រោះមហន្តរាយនិងបានបង្ហាញជូនអនុសាខា ទាំងអស់ពីអត្ថន័យខ្លឹមសារ នៃសម្ភារអប់រំផ្សព្វផ្សាយទាំងអស់ ដែលសាខានីមួយៗ ត្រូវយកទៅប្រើប្រាស់សំដៅឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសចូលរួមក្នុង យុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីរួម ចំណែកកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេសចូលរួមបញ្ជៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយសារតែ វីរុសបំប្លែងថ្មីដែលតា (Delta) នេះ ៕

ដោយ ៖ សាលី

ចំណែក