អជ្ញាធរខេត្តបន្តចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់ ខ្សែ Internet ក្នុងសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ដេីម្បីសោភ័ណភាពទីក្រុងស្អាត
ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះលោក ម៉េង ឡូញ នាយករងរដ្ឋបាលខេត្តបាត់ដំបង លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបន្តដឹកនាំក្រុមការងារជំនាញចុះកាត់តម្រឹមមែកឈើបណ្ដាញខ្សែអ៊ីនធើណែតនៅតាមដងផ្លូវនានាក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ។
ការអនុវត្តកាត់តម្រឹមមែកឈើ និងបណ្ដាញខ្សែអ៊ីនធើណែតតាមដងផ្លូវក្នុងក្រុងបាត់ដំបងនេះ ក្នុងគោលបំណងដើម្បីកែលំអសោភ័ណភាពក្រុងអោយមានភាពស្រស់ស្អាត សំដៅទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តលេង ព្រោះខេត្តបាត់ដំបងមានវិសាលភាពទឹកដីធំទូលាយ មានប្រជាពលរដ្ឋច្រើន និងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។
ជាក់ស្តែងបច្ចុប្បន្ននេះខេត្តបាត់ដំបងមានតំបន់ទេសចរណ៍ចំនួន ១១១ទីតាំង និងមានទីក្រុងបុរាណ ដែលមានសំណង់អភិរក្សក្នុងទីក្រុងជាង ៨០០ខ្នង និងជាគោលដៅទេសចរណ៍សាសនាដ៏សំខាន់តាំងពីសម័យលោកម្ចាស់មកម្លេះ។