លួចទាំងម៉ូតូ និងរទេះអូស ត្រូវពលរដ្ឋ ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច

38

បាត់ដំបង ៖ ជនសង្ស័យ ០១នាក់ ត្រូវបានពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ក្រោយបានធ្វើសកម្មភាព លួចយកទាំងម៉ូតូនិងរទេះអូស នៅវេលារំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមទី០៣ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ច បានអោយដឹងថា ករណីលួចទ្រព្យសម្បត្តិនេះ បង្កឡើងដោយជនសង្ស័យ ឈ្មោះ យី រ៉ូហ្សិត ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ក្នុងភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជនសង្ស័យខាងលើ នៅយប់កើតហេតុបានធ្វើសកម្មភាពចូលលំនៅដ្ឋានរបស់ជនរងគ្រោះ ឈ្មោះ ងន់ ជិត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ និងបានយកដែកអក្សរអិលមួយកំណាត់ ជាមធ្យោបាយគាស់សោរ ហើយចូលលួចយកម៉ូតូ ជាមួយនិងរ៉ឺម៉កអូស ដែលចាក់សោរទុកនៅខាងមុខផ្ទះ ។ ស្របពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពលួចអូសចេញ ម្ចាស់បានដឹងខ្លួនទាន់ ស្រែកឆោឡោឡើង ផ្អើលដល់អ្នកភូមិនាំគ្នាព្រួតឃាត់ខ្លួនបាន និងរាយការណ៍ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានដើម្បីសាកសួរ។

ក្រោយឃាត់ខ្លួនសាកសួរ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកថ្មគោល កសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីបញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

ចំណែក