អាជ្ញាធរស្រុកកំរៀង រៀបចំផ្ទៃដីច្រើនហិកតា សម្រាប់អាជីវករលក់ដូរឡើងវិញ ក្រោយផ្សារ ខេ អ ឌី ត្រូវបានដាក់ជាតំបន់ក្រហម

71

បាត់ដំបង ៖ ក្រោយពីផ្សារ ខេ អ ឌី ប្រកាសដាក់ជាតំបន់ក្រហម ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ អាជ្ញាធរស្រុកកំរៀង បានរៀបចំផ្ទៃដីជាច្រើនហិកតា សម្រាប់អាជីវករបន្តការលក់ដូរជាបណ្តោះអាសន្ន ។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា នៅចំពោះមុខនេះអាជ្ញាធរស្រុក កំពុងបន្តរៀបចំផ្ទៃដីទំហំ ០២ហិកតា ដើម្បីដាក់ដំណើរការ ឲ្យបងប្អូនអាជីវករចូលលក់ដូរជាបណ្តោះអាសន្នឡើងវិញ ក្នុងគោលបំណងបញ្ចៀសការប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ របស់អ្នកលក់ដូរ រួមទាំងដើម្បីបង្កលក្ខណ:ដល់បងប្អូនប្រជាពលរដ្ឋទូទៅ នៅក្នុងមូលដ្ឋានងាយស្រួលក្នុងការរកទិញស្បៀងអាហារ ប្រចាំថ្ងៃផងដែរ។

លោកអភិបាលស្រុក បានបន្តថា ការរៀបចំទីតាំងលក់ដូរថ្មីបណ្តោះអាសន្ននេះ មានផ្ទៃដីធំទូលាយ ងាយស្រួលដល់ពលរដ្ឋជិតឆ្ងាយ ស្វែងរកទិញម្ហូបតាមតម្រូវការ ទៅតាមការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ក៏ដូចជាវិធានសុខាភិបាល ដោយចន្លោះពីតូបមួយ ទៅតូបមួយមានចម្ងាយពី ១.៥ម៉ែត្រ ទៅ ២ម៉ែត្រ ឬធំជាងនេះ ។ ទីកន្លែងលក់ដូរបណ្តោះអាសន្នថ្មីនេះដែរ មិនបានកំណត់ពេលវេលាបន្តបើកលក់ ឬក៏បិទឲ្យជាក់លាក់នោះទេ គឺ អាស្រ័យទៅលើស្ថានភាពជាក់ស្តែងនូវការរកឃើញជំងឺកូវីដ-១៩ នៅក្នុងតំបន់ទីប្រជុំជនស្រុកកំរៀងនេះ ពិសេសតំបន់ក្រហមផ្សារកំរៀង ហៅផ្សារ ខេ អ ឌី ក៏ដូចជាមូលដ្ឋានក្នុងភូមិអូរដាលើផងដែរ ដែលបានដាក់ជាតំបន់ក្រហមកាលពីថ្មីៗកន្លងមកនេះ ។  

លោកបញ្ជាក់ថា ចំពោះមុខនេះ ករណីជំងឺកូវីដ-១៩ នៅតែបន្តរកឃើញថ្មី ប៉ុន្តែចំនួនតិចតួចដោយសារតែបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ហាក់បន្ធូរដៃ ក្នុងការចូលរួមប្រុងប្រយ័ត្នដូចគ្រាមុន  បើទោះបីជាបែបនេះ ក្នុងនាមរដ្ឋបាលស្រុកនៅតែទទួច សុំឲ្យបងប្អូនប្រជាពលរដ្ឋ ក្រុមអាជីវករទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្តទៀតដើម្បីកាត់ផ្តាច់ទាំងស្រុងនូវខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រហូតធានាបានសេចក្តីសុខសុវត្ថិភាពល្អប្រសើរឡើងវិញ ៕

ដោយ ៖ សាលី

ចំណែក