សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ០១ខ្នង ១២បន្ទប់ ក្នុងស្រុកបាណន់

ខេត្តបាត់ដំបង! នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ០១ខ្នង ២ជាន់ ស្មើ ១២បន្ទប់ ស្ថិតនៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងនាមរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង ដែលដឹកនាំដោយឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹងប្រែងប្រមែលប្រមូលធនធានថវិកាជួយអភិវឌ្ឍន៍វិស័យជាច្រើន ធ្វើឱ្យស្រុកបាណន់នេះទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតរួមចំណែកឱ្យមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។

សម្ដេចក៏ថ្លែងអំណរគុណ និងកោតសរសើរអាជ្ញាធរ និងមន្រ្តីចំណុះរដ្ឋបាលស្រុកបាណន់ទាំងមូលដែលបានយកចិត្តទុកដាក់បម្រើសេវាសាធារណៈ និងជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាក់ស្ដែងក្នុងគ្រោះមហន្តរាយជំនន់ទឹកភ្លៀងថ្មីៗនេះជាដើម ហើយក៏ថ្លែងអំណរគុណប្រជាពលរដ្ឋស្រុកបាណន់ដែលចូលរួមគាំទ្រក្នុងកិច្ចការងារផ្សេងៗ ពិសេសរួមចំណែករក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមជាមួយអាជ្ញាធរសមត្ថកិច្ច និងក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ផងដែរ។

សម្ដេច បានគូសបញ្ជាក់ថាការរួមចំណែកពង្រឹងវិស័យអប់រំនេះ ដោយសារវិស័យនេះជាវិស័យស្នូលសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ពង្រឹងបន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងបរិបទដែលមានការប្រកួតប្រជែងកាន់តែខ្លាំងលើផ្នែកចំណេះដឹងទាំងក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ ព្រោះកម្ពុជាស្ថិតក្នុងចំណោមរដ្ឋដែលរក្សាបាននូវសុខសន្តិភាព និងគ្មានអំពើភេវរកម្ម ព្រោះរាជរដ្ឋាភិបាលដែលមានក្រសួងមហាផ្ទៃជាសេនាធិការ កំពុងយកចិត្តទុកដាក់លើការងារបង្ក្រាបគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសង និងបទល្មើសឧក្រឹដ្ឋកម្មអន្តរជាតិ ដូចជាអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម បទល្មើសលាងសម្អាតប្រាក់ និងបទល្មើសតាមប្រព័ន្ធអ៊ីនធើណែតជាដើម។

សម្ដេចក៏បានជម្រាបជូនប្រជាពលរដ្ឋដែរថា កម្ពុជាសព្វថ្ងៃបើទោះបីទទួលរងឥទ្ធិពលជាអវិជ្ជមានដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បន្ថែមលើបន្ទុកបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ ប៉ុន្តែកម្ពុជាបានបន្តរក្សានូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលស្ថានភាពនេះក៏អាស្រ័យដោយកម្ពុជាបានរៀបចំការបោះឆ្នោតជាទៀងទាត់ដោយគ្មានអំពើហិង្សា ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីពេលថ្មីនេះ និងបានអនុវត្តជោគជ័យនយោបាយចាក់វ៉ាក់សាំងដែលបង្កើតបានភាពស៊ាំសហគមន៍ ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងសង្គមអាចដំណើរការឡើងវិញ។

បន្ថែមពីនេះសម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវប្រជាពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត ឬមិនទាន់មានឈ្មោះបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់របស់ខ្លួនឱ្យបានគ្រប់ៗគ្នាឬកែតម្រូវទិន្នន័យឈ្មោះរបស់ខ្លួន ហើយប្រជាពលរដ្ឋដែលកាន់អត្តសញ្ញាណបណ្ណផុត ឬជិតផុតសុពលភាព ប្រញាប់ទៅបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណថ្មីតាមការណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ៕

CATEGORIES
Share This