ព្រះសង្ឃជាច្រើនអង្គមានអាការ:ព្រះកាយក្តៅខុសប្លែកពីសភាពធម្មតាត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាំងយប់

ខេត្តបាត់ដំបង! ព្រះសង្ឃជាច្រើនអង្គគង់នៅវត្តខ្នាចរមាស ក្នុងស្រុកបវេល ត្រូវបាននិមន្តដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទាំងយប់ក្រោយមានអាការ:ព្រះកាយខុសប្លែកពីសភាពធម្មតាកើតឡើងកាលពីព្រលប់ថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ ២០២២ ឋិតនៅវត្តខ្នាចរមាស ក្នុងស្រុកបវេល ខេត្តបាត់ដំបង។

ព្រះសង្ឃជាលេខាគង់នៅក្នុងវត្តខាងលើមានសង្ឃដីកាថា ចាប់តាំងពីរសៀលថ្ងៃទី០១ ខែវិច្ឆកា មានព្រះសង្ឃគង់ក្នុងវត្តសរុបចំនួន ១៨អង្គ ក្នុងចំណោមព្រះសង្ឃ ១៥០អង្គ ដែលនិមន្តមកពីបណ្តាខេត្តផ្សេងៗ រួមមាន ,ខេត្តក្រចេះ ,ខេត្តកំពង់ចាម ,ខេត្តកំពង់ស្ពឺ ,ខេត្តកំពង់ធំ និងខេត្តសៀមរាបផងដែរដើម្បីគង់បន្តការសិក្សាសាលាពុទ្ធិក( បាលី ) ហើយចាប់ផ្តើមមានអាការ:ប្រហាក់ប្រហែលគ្នា ដោយអង្គនីមួយៗខ្លះកើតមានអាការ:ថប់ដង្ហើម និងក្តៅខ្លួនខ្លាំងរហូតដល់ទ្រាំលែងបានស្រែកយំ ទោះជាឆាន់ថ្នាំ ត្រជាក់បានបន្តិចក៏ក្តៅឡើងវិញ។

ព្រះសង្ឃដដែលបានមានសង្ឃដីកាបន្ថែមថា​ ដោយឃើញអំពីអាការៈបែបនេះព្រះអង្គក៏បានទាក់ទងនាំយករថយន្តមកដឹកនិមន្តព្រះសង្ឃទាំង១៨អង្គបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់មកត្រូវបានក្រុមគ្រូពេទ្យយកឈាមដើម្បីវិភាគ ហើយ រហូតនៅវេលាម៉ោង ១០និង២០នាទី ព្រឹកថ្ងៃទី០២ វិច្ឆកា នេះ ទើបទទួលបានលទ្ធផលថា ក្នុងចំណោមព្រះសង្ឃទាំង១៨អង្គខាងលើ ក្នុងនោះ០៤អង្គបង្ហាញថា(គ្រុនឈាម) ក្រៅពីនោះ(រលាកបំពង់ក) និងប៉ុន្មានអង្គទៀតមានអាការៈប្រហែលគ្រុនឈាមដែរ ហើយនៅព្រឹកនេះដែរព្រះសង្ឃចំនួន០៣អង្គបន្ថែមទៀតត្រូវបានបញ្ជូនមកកាន់មន្ទីរ ដែលរហូតមកដល់ពេលនេះសរុបមានចំនួន ២១អង្គដែលមានអាការៈដូចគ្នា៕

CATEGORIES
Share This