លោកជំទាវ បាន ស្រីមុំ ចុះពិនិត្យទីតាំងសាលានានា ក្នុងខេត្ត ដើម្បីរៀបចំបើកដំណើរការឡើងវិញ

31

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យសាលារៀន មួយចំនួននៅក្នុងក្រុងប៉ៃលិន និង ស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន ត្រៀមឱ្យសិស្សានុសិស្សចូលរៀនវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ។

ក្នុងដំណើរចុះត្រួតពិនិត្យនេះ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តប៉ៃលិន បានឲ្យដឹងថា នៅទូទាំងខេត្តប៉ៃលិន មានគ្រឹះស្ថានអប់រំរបស់រដ្ឋមាន ចំនួន៥៧កន្លែង គ្រឹះស្ថានអប់រំឯកជន មានចំនួន១២កន្លែង ។ ដោយឡែក សម្រាប់ការបើកដំណើរការគ្រឹះស្ថានអប់រំឡើងវិញនេះ មានសាលារៀនមួយ ចំនួនដូចជា  អនុវិទ្យាល័យ និងបឋមសិក្សាបរយ៉ាខា អនុវិទ្យាល័យ និងបឋមសិក្សាប៉ាងរលឹម អនុវិទ្យាល័យ ហ៊ុន សែន អូរដូនតា បឋមសិក្សាដីស បឋមសិក្សាផ្ទះស្បូវ បឋមសិក្សាកូនដំរី  ឯសាលាមួយចំនួនទៀត ដែលនៅសេសសល់ និងត្រូវសិក្សាពិនិត្យស្ថានភាពជាក់ស្តែង បើកអោយដំណើរការជាបន្តបន្ទាប់ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា បានមានប្រសាសន៍ផ្តាំផ្ញើដល់ លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវយកចិត្តទុកដាក់ មើលការខុសត្រូវ លើសិស្សានុសិស្សទាំងអស់តាមសាលារៀងៗខ្លួន ធ្វើយ៉ាងណាកុំឱ្យសាលារៀនដែលបើកបង្រៀនហើយ ត្រូវបិទវិញម្តងទៀត ដោយសារការឆ្លងជំងឺកូវីដ១៩ គឺត្រូវអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋភិបាល និង ធ្វើតាមការណែនាំនានារបស់ក្រសួងសុខាភិបាល គឺលាងដៃជាមួយទឹកអាល់កុល ឬជែល ត្រូវឱ្យសិស្សពាក់ម៉ាសជាប់ជានិច្ច មិនត្រូវឱ្យ ចេញលេងជួបជុំគ្នានោះឡើយ ។ មួយវិញទៀត ចាប់ពីថ្ងៃបើកឱ្យដំណើរការចូលរៀនសារជាថ្មីឡើងវិញ ទាំងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាដើម បើសិនជាលោកគ្រូ អ្នកគ្រូ ឬគណ:គ្រប់គ្រងនៃសាលារៀនណាមួយនៅទូទាំងខេត្ត ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយរៀបចំកែច្នៃទីធ្លាសាលារៀន ដែលជាសម្បត្តិរដ្ឋ ឱ្យក្លាយទៅជាកន្លែងមានរបៀបរៀបរយល្អ ជាពិសេសមានសោភ័ណភាព ស្រស់ស្អាតជាងគេ ទទួលបានជ័យលាភី ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងខេត្ត នឹងទទួលបានពានរង្វាន់ពីរដ្ឋបាលខេត្ត ចាប់ពី១០ទៅ២០លានរៀល ។ ហើយបើសាលារៀនលើសពីមួយកន្លែង រៀបចំបានស្អាតបាតល្អដូចៗគ្នា ទទួលបានចំណាត់ថ្នាក់លេខ១ដូចគ្នា បានរង្វាន់ដូចៗគ្នាផងដែរ ។

ក្នុងនោះដែរលោកជំទាវអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់គណៈគ្រប់គ្រងសាលា មិនត្រូវកាត់ថវិកាពីលោកគ្រូ អ្នកគ្រូ ដើម្បីយកទៅទិញសម្ភារ:សាលារៀននោះឡើយ បើពិតជាខ្វះខាតមែន អាចទាក់ទងទៅខាងរដ្ឋបាលខេត្ត ចុះពិនិត្យជាក់ស្តែង អាចជួយឧបត្ថម្ភ ទាន់ពេលវេលា ។ លើសពីនេះ ដរាបណាលោកជំទាវ ជាអភិបាលខេត្ត គឺ មិនត្រូវឱ្យគណៈគ្រប់គ្រង ឬនាយកសាលាណាមួយ ប្រព្រឹត្តនូវអំពើពុករលួយនោះឡើយ ៕

ចំណែក