អតីតមន្ត្រីឥណទានម្នាក់ ទៅទាលុយកូនបំណុយ ឱកាសល្អចាប់កូនស្រីកូនបំណុល រំលោភបានសម្រេច
ប៉ៃលិន ៖ កម្លាំងប៉ុស្តិ៍នគរបាលប៉ុស្តិ៍រដ្ឋបាលសាលាក្រៅ ក្រោយទទួលបណ្តឹង តាមទូរសព្ទពីលោកមេភូមិភ្នំស្ពង់ និងម្តាយជនរងគ្រោះថា មានករណីរំលោភសេពស្ថវៈជាមួយអនីតិជន ក្រោមអាយុ១៥ឆ្នាំ នៅចំណុចស្រែម្អមស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឈានដល់ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១០ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ។
សេចក្តីរាយការណ៍ បានឱ្យដឹងថា ជនសង្ស័យក្នុងករណីនេះមានឈ្មោះ ង៉ែត វ៉ាឃីម ភេទប្រុស អាយុ ២០ឆ្នាំ អតីតបុគ្គលិកក្រុមហ៊ុនកម្ចីប្រាក់មួយនៅខេត្តប៉ៃលិន រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ចំណែកជនរងគ្រោះឈ្មោះ ជ ស ផ ន ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស រស់នៅក្នុង ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមសមត្តកិច្ច បានអោយដឹងថា ក្រោយទទួលបណ្ដឹងតាមទូរស័ព្ទ ពីលោកមេភូមិ ថា មុនពេលកើតហេតុជនសង្ស័យបានមកទារលុយនៅ ផ្ទះជនរងគ្រោះ ហើយជនរងគ្រោះ បានប្រាប់ទៅជនសង្ស័យថា ពុកម៉ែខ្ញុំមិននៅទេ ដោយឃើញឱកាសល្អ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភ ទៅលើជនរង គ្រោះបានសម្រេច និងបានគំរាមទៅលើជនរងគ្រោះ មិនឲ្យស្រែក បើស្រែកប្រយ័ត្ន ។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យខាងលើ យកមកសួរនាំជនសង្ស័យបានសារភាពនៅមុខកម្លាំងជំនាញថា ខ្លួនពិតជាបានប្រព្រឹត្តទៅលើជនរងគ្រោះ ពិតប្រាកដមែន ។
ក្រោយពីសួរនាំរួច ក៏បាននាំខ្លួនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕