រថយន្ត Starex បើកឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តដឹកទំនិញធុនធ្ងន់ បណ្តាលការខូចខាតយ៉ាងដំណំ

បាត់ដំបង ៖ រថយន្ត Starex ដឹកភ្ញៀវ បើកឆ្លងផ្លូវមិនប្រយ័ត្ន បានជ្រុលទៅបុករថយន្តដឹកទំនិញធុនធ្ងន់ពេញទំហឹង បណ្តាលអោយរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនមានគ្រោះថ្មាក់ដល់មនុស្សឡើយ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅត្រង់កំណាត់ផ្លូវប្រសប់ហាយវេ ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Starex ពណ៍ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខ សៀមរាប 2C-0153 បើកបរដោយបុរសម្នាក់ដឹកភ្ញៀវ ធ្វើដំណើរឆ្លងផ្លូវ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ភ្លាមនោះក៏ស្រាប់តែមានរថយន្តដឹកទំនិញធុនធ្ងន់ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ មួយគ្រឿងពាក់ផ្លាកលេខខាងមុខ ពោធិ៍សាត់ 3A-1205 និងខាងក្រោយ កំពង់ចាម 4A-0567 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន អូសហ្វ្រាំងជាង៣០ម៉ែត្រ តែមិនជាប់ ក៏ត្រូវរថយន្ត Starex បុកពេញទំហឹង បណ្តាលអោយខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែង ធ្វើកំណត់ហេតុ យករថយន្តទាំងពីរគ្រឿង មករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ តាមផ្លូវច្បាប់ ៕

CATEGORIES
Share This