ឯកឧត្តម សុខ លូ បន្តនាំយកស្រូវពូជ និងស្បៀងមួយចំនួនរបស់សម្ដេចតេជោ ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅស្រុកសង្កែ

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ នាំយកស្រូវពូជ និងស្បៀងមួយចំនួន ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ៣៨០គ្រួសារ មកពីឃុំចំនួន៧ ក្នុងស្រុកសង្កែ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ពិសេសនៅទីនេះមានសម្តេចក្រឡាហោម ស ខេង ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលាបើទោះបីជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហានានា ដោយមិនទុកនណារម្នាក់ចោលនោះទេ ។

ក្នុងនោះដែរឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើទៅដល់ លោកអភិបាលស្រុក ក៏ដូចជាលោកមេឃុំទាំងអស់ បើមានការលំបាកណា ដែលត្រូវដោះស្រាយ ហើយដោះស្រាយមិនបាន ចង់អោយខេត្តជួយ សូមកុំមានការរារែកត្រូវរាយការណ៍មកខេត្ត ខេត្តនឹងខិតខំប្រឹងប្រែ ស្វះស្វែងជួយដល់បងប្អូនទាំងអស់ ហើយក្នុងឱកាសនោះដែរឯកឧត្តម ក៏បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលមិនទាន់ធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ សូមប្រញាប់ទទួលការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ព្រោះថាថ្នាក់ដឹកនាំនៅតែមានការព្រួយបារម្ភ ព្រោះជំងឺកូវីដ-១៩ ថ្វីបើតែធូស្បើយ នៅក្នុងប្រទេសកម្ពុជាយើងមែន ប៉ុន្តែវាមិនទាន់ផុតរលត់ទៅណាទេ គឺនៅតែបន្តយាយីប្រជាពលរដ្ឋគ្រប់ពេលវេលា ដូចនេះសូមនាំគ្នារួសរាន់ទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗ គ្នា ។

មួយវិញទៀត បងប្អូនទាំងអស់ ធ្វើយ៉ាងណាណែនាំកូនចៅ ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញខ្លួនយើង បំផ្លាញក្រុមគ្រួសារយើង និងបំផ្លាញសង្គមជាតិយើង ដូច្នេះបើសិនមានក្រុមគ្រួសារ ឬសាច់ញាតិយើងប្រើប្រាស់ថ្នាំញៀន ត្រូវរាយការណ៍ដើម្បីយកគាត់ទៅព្យាបាល និងត្រូវបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សូមកុំនាំគ្នាខ្លាចប៉ូលីស ត្រូវនាំគ្នាខ្លាចច្បាប់ បើមិនអញ្ចឹងទេ យើងមិនអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍បានឡើយ ។

គួរបញ្ជាក់ថា អំណោយដែលនាំយកមកជូននាពេលនេះក្នុងមួយគ្រួសារទទួលបាន ៖ ស្រូវពូជ ៤ការុង, អង្ករ២៥គីឡូក្រាម, មីជាតិ១កេស, ទឹកសុទ្ធ១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ  ទឹកស៊ីអីវ១យួរ ៕

CATEGORIES
Share This