ស្នងការខេត្តបន្ទាយមានជ័យ អំពាវនាវអោយប្រជាពលរដ្ឋ មានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព បាត់ ឬខូច និងអាយុគ្រប់ ១៥ឆ្នាំ មកធ្វើអត្តសញ្ញាណប័ណ្ណថ្មី
បន្ទាយមានជ័យ ៖ ខណៈដែលខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋជាង៥មុឺននាក់ ដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងដើម្បីបានអត្តសញ្ញាណប័ណ្ណថ្មី សម្រាប់បោះឆ្នោខាងមុខ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានផ្សព្វផ្សាយនិងអំពាវនាវអោយប្រជាពលរដ្ឋ និងយុវជនដែលមានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ខូច ឬបាត់ និងអាយុគ្រប់១៥ឆ្នាំឡើង សូមមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ។
លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន ស្នងការរងទទួលការងារអត្តសញ្ញាណកម្ម បានអោយដឹងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ថា អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ការិយាល័យជំនាញបានធ្វើការផ្សព្វផ្សាយ ដល់អធិការស្រុកក្រុង និងប៉ុស្តិ៍រដ្ឋបាលធ្វើការជូនដំណឹង ដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឬនៅរយៈពេល៩០ថ្ងៃទៀត មកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណថ្មី អោយបានទាន់ពេលបោះឆ្នោតខាងមុខ នាឆ្នាំ២០២៣ ។
ជាមួយនិងការអំពាវនាវនេះ សមត្ថកិច្ចជំនាញខាងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏កំពុងមមាញឹកខ្លាំង សម្រុកធ្វើអត្តសញ្ញាណប័ណ្ណថ្មី ជូនដល់ប្រជាពលរដ្ឋជាង៥មុឺននាក់ ដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងអ្នកមកធ្វើថ្មី ដែលមួយថ្ងៃមានអ្នកមកធ្វើជាមធ្យមពី២០០ទៅ៥០០នាក់ ដើម្បីអោយបានអត្តសញ្ញាណប័ណ្ណថ្មី ទាន់យកទៅបោះឆ្នោតនាឆ្នាំ២០២៣ ។
លោកបានអោយដឹងទៀតថា សម្រាប់ខេត្តបន្ទាយមានជ័យ ដែលយើងមានទិន្នន័យក្នុងដៃ ស្តីពីអត្តសញ្ញាណប័ណ្ណ មានពលរដ្ឋជាង៥មុឺននាក់ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណហួសសុពលភាព ហើយមួយរយៈនេះយើងបានធ្វើផ្តល់ជូនពួកគាត់ គិកត្រឹមខែកញ្ញាឆ្នាំ២០២២នេះ បាន៣ពាន់អត្តសញ្ញាណប័ណ្ណ នៅសល់៥០០២០នាក់ទៀត ដែលកំពុងសម្រុកធ្វើជូនពួកគាត់ តាមស្រុកក្រុង ព្រោះយើងមានបញ្ជីឈ្មោះអស់ហើយ បើពួកគាត់មិនមកតាមការផ្សព្វផ្សាយយើងនឹងប្រមូលពួកគាត់ អោយបានច្រើនតាមមូលដ្ឋានចុះធ្វើជូនពួកគាត់ ។
ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណថ្មី តម្រូវចំពោះអ្នកហួសសុពលភាព បើមិនមានការកែប្រែអ្វី យកតាមអត្តសញ្ញាចាស់ គឺ មិនតម្រួវអោយយកឯកសារពាក់ព័ន្ធអ្វី ក្រៅពីអត្តសញ្ញាប័ណ្ណ ដែលអស់សុពលភាពឡើយ ។ បើអ្នកធ្វើថ្មី តម្រូវអោយមានសំបុក្រកំណើត និងសៀវភៅគ្រួសារ ។ ចំណែកអត្តសញ្ញណប័ណ្ណបាត់ ឬខូច ត្រូវទៅដាក់ពាក្យសុំបញ្ជាក់ ពីការបាត់ ឬខូច នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនរស់នៅ ។
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះ វាមានសារៈប្រយោជន៍ណាស់ ចំពោះ ប្រជាពលរដ្ឋដើម្បីយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ធ្វើជាឯកសារផ្សេងៗពិសេសចូលរួមការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕