អភិបាលខេត្តបន្ទាយមានជ័យ បន្តនាំអំណោយសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកជំនន់ ជីវភាពខ្វះខាត ២៩៦គ្រួសារ ស្រុកមង្គលបូរី
បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបន្តនាំអំណោយសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកជំនន់ ជីវភាពខ្វះខាត ២៩៦គ្រួសារ ស្រុកមង្គលបូរី ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះមុខបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់ មានជីវភាពខ្វះខាត ចាស់ជរា ចំនួន២៩៦គ្រួសារ ក្នុងនោះនៅឃុំគោកបល័ង្គ ១៤៦គ្រួសារ, ឃុំស្រះរាំង ១៥០គ្រួសារ និងប្រគេនគ្រឿងឧបភោគ បរិភោគ បច្ច័យមួយចំនួនដល់ព្រះគ្រូចៅអធិការវត្ត ក្នុងឃុំទាំង២ផងដែរ ។
ឯកឧត្តម បានបញ្ជាក់ជូនដល់អាជ្ញាធរភូមិឃុំ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធត្រូវខិតខំបម្រើសេវាជូនពុកម៉ែបងប្អូនឲ្យបានកាន់តែល្អថែមទៀត ខិតខំយកចិត្តទុកដាក់មើលសុខទុក្ខលំបាក ដោះស្រាយជីវភាពខ្វះខាតរបស់ពួកគាត់ឲ្យអស់លទ្ធភាព ដោះស្រាយមិនបានត្រូវរាយការណ៍មកថ្នាក់លើ និងក្រុមការងារបន្ត ។
ឯកឧត្តម សូមជូនពរពុកម៉ែបងប្អូនថែរក្សាសុខភាព មានអ្វីកើតឡើងជាយថាហេតុ បញ្ហាខ្វះខាត ជួបទុក្ខលំបាកសូមរាយការណ៍ ផ្តល់ព័ត៌មាន មកជូនអាជ្ញាធរ កងកម្លាំង លោកមេភូមិ ៕