Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច បង្ក្រាបបានសាច់ជ្រូកខូចគុណភាព​ ប្រមាណ៦០០គី​ឡូក្រាម ​ពីឈ្មួញដែល​លួចនាំចូលពីប្រទេសថៃ ខុសច្បាប់

បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀ​ង សហការជាមួយកម្លាំងនគរបាល វរសេនាតូចការពារព្រំដែនគោកលេខ៨១៩​ បានធ្វើការបង្ក្រាបឃាត់រថយន្ត០១គ្រឿង ដកហូតសាច់ជ្រូកខូចគុណភាព​ចម្រុះ ប្រមាណ៦០០គី​ឡូក្រាម ខណៈដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ដោយខុសច្បាប់ ។

សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែមីនាឆ្នាំ២០​២២​ នៅចំណុចផ្លូវជាតិលេខ៥៩ គោលដៅដាក់ចរា​ចរ​ណ៍ នៅចំ​ណុច​ក្បែរច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិបឹងរាំង ឃុំ​បឹង​រាំង ស្រុកកំរៀ​ង ខេត្តបាត់ដំបង   

ជាមួយកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានឃាត់រថយន្តមួយ​គ្រឿងម៉ាក LEXUS RX300ពណ៌ខ្មៅ ពាក់​ស្លាកលេខ ព្រះសីហ​នុ 2A​-7015 ដែលអ្នកបើកបរឈ្មោះ រ៉ន ធឿត ភេទប្រុស អា​យុ​៣០ឆ្នាំ រស់​នៅភូមិ​ព្រែកឆ្តោរ ឃុំពាមឯក​ ស្រុកឯកភ្នំខេត្តបាត់ដំបង​  ខណ:​ដែល​រថយន្តមួយគ្រឿងនេះ ព្យាយាមបេីករត់គេចពីសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចតាមដងផ្លូវ​ ហើយក្រោយធ្វើការបង្ក្រាប សមត្ថកិច្ចធ្វើការពិនិត្យក្នុងរថយន្ត ឃេីញមានគ្រឿងក្នុងសាច់ជ្រូកចម្រុះខូចគុណភាព ប្រមាណ៦០០គីឡូក្រាម ។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីបង្ក្រាបបានដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក​ឧត្តមសេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី​ ចេង​ ឡេង​ ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច​ លោកវរសេនីយ៍ឯក​ យី​ យក់សាន​ ជា​នាយការិយាល័យ​  រួមជាមួយមន្រ្តីជំនាញកាំកុងត្រូលនិងមន្រ្តីជំនាញបសុពេទ្យរួមគ្នា នាំយកសា​ច់ខូចគុណភាពនេះទៅ​ដុតកម្ទេចចោល នៅទី​លានចាក់សំ​រាមស្រុកកំរៀងស្ថិតក្នុងភូមិថ្មី ឃុំអូរដា ស្រុកកំ​រៀ​ង ខេត្តបាត់ដំបង  រីឯរថយន្តនិងម្ចាស់បាននាំមកកាន់ការិ​យាល័យជំនាញ ដេីម្បីអនុវត្តតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី