ព្រោះតែប៊ិចមួយដើមក្មេងប្រុសម្នាក់បានជ្រមុញចូលទឹកស្រះលោកបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តបាត់ដំបង! ក្មេងប្រុសម្នាក់ព្រោះតែប៊ិចមួយដើមបានជ្រមុញចូលក្នុងទឹកស្រះលោកបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម បើទោះបីមានការចុះជួយអន្តរាគមន៍រាវរកភ្លាមៗពីព្រះសង្ស ក៏ដូចជាពុទ្ធបរិស័ទដែលរស់នៅក្បែរវត្តជាច្រើនអង្គនាក់ក្តី ដែលហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅចំណុចស្រះលោកខាងក្រោយវត្តពោធិ៍វាល ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ សីន មុន្នីសុខសម្បត្តិ អាយុ០៨ឆ្នាំ រស់នៅជាមួយជីដូន ដែលជាដូនជីស្នាក់នៅក្នុងវត្តពោធិ៍វាល ហើយនៅមុនពេលកើតហេតុក្មេងរងគ្រោះខាងលើបានមកអង្គុយលេងមាត់ស្រះខាងក្រោយវត្តជាមួយព្រះសង្សមួយអង្គ ហើយក្រោយមកក៏បានជ្រុះប៊ិចចូលទឹកស្រះហើយបានអោនរើស ក៏ស្រាប់តែជ្រមុញផ្កាប់មុខធ្លាក់ចូលទឹកភ្លាមនោះមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃជាច្រើនអង្គនិមន្តចុះរាវរកតែដោយសារទឹកជ្រៅនិងផ្ទៃជំវិញស្រះមានចាក់បេតុង ចំណោទរអិលផងនោះទើបពិបាកក្នុងការរាវរកដោយប្រើពេលយូរបន្តិចទម្រាំរកឃើញនិងបញ្ជូនទៅដល់មន្ទីរពេទ្យក្មេងប្រុសរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយពេលកើតហេតុអាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យធ្វើកំណត់ហេតុប្រគល់សពអោយជីដូន និងអាចារ្យគណៈកម្មការក្នុងវត្តចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ។