Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងបាត់ដំបង បន្តដឹកនាំក្រុមការងារ ចុះកាត់តម្រឹមមែកឈើ និងបណ្ដាញខ្សែអ៊ីនធើណែត នៅតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបន្តដឹកនាំក្រុមការងារជំនាញ ចុះកាត់តម្រឹមមែកឈើបណ្ដាញខ្សែអ៊ីនធើណែត នៅតាមដងផ្លូវនានាក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ។

ការអនុវត្តកាត់តម្រឹមមែកឈើ និងបណ្ដាញខ្សែអ៊ីនធើណែត តាមដងផ្លូវក្នុងក្រុងបាត់ដំបងនេះ ក្នុងគោលបំណង ដើម្បីកែលំអសោភ័ណភាពក្រុង អោយមានភាពស្រស់ស្អាត សំដៅទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកកម្សាន្តលេង ព្រោះខេត្តបាត់ដំបងមានវិសាលភាពទឹកដីធំទូលាយ មានប្រជាពលរដ្ឋច្រើន និងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ នៅភូមិភាគពាយ័ព្យ នៃប្រទេសកម្ពុជា ។

ជាក់ស្តែងខេត្តបាត់ដំបង មានតំបន់ទេសចរណ៍ ចំនួន ១១១ទីតាំង និងមានទីក្រុងបុរាណ ដែលមានសំណង់អភិរក្សក្នុងទីក្រុងជាង ៨០០ខ្នង និងជាគោលដៅទេសចរណ៍សាសនាដ៏សំខាន់ តាំងពីសម័យលោកម្ចាស់មកម្លេះ ៕