លោក ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ត្រូវបានដកចេញពីតំណែងប្រធានមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ក្រោយរកឃើញថា ខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រង

54

បន្ទាយមានជ័យ ៖ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ត្រូវបានក្រុមប្រឹក្សាវិន័យសម្រេច ដកចេញពីតំណែង ក្រោយរកឃើញថា ខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រង ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការសម្រេចចិត្តដកលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ នេះ គឺ ដោយសារខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រងការងារ ក្នុងនាមជាប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ហើយរឿងនេះក៏ដឹងដល់សម្តេចតេជោផងដែរ ។

ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយពីមានរឿងក្នុងករណីខ្វះទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងរបស់លោកប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី រួចមក ក្រុមប្រឹក្សាវិន័យ បានបើកកិច្ចប្រជុំ ហើយបានសម្រេចផ្តល់ទំនុកចិត្តដល់លោកវេជ្ជបណ្ឌិត ទុ បារាំង អនុប្រធានឱ្យឡើងជាបេក្ខជនប្រធានថ្មី ហើយក៏ត្រូវបាន រដ្ឋបាលខេត្ត បានសម្រេចតែងតាំងលោកវេជ្ជបណ្ឌិត ទុ បារាំង ជាប្រធានពេញសិទ្ធិតែម្តង អត់ចាំបាច់ឆ្លងកាត់ប្រធានស្តីទី ឬអនុប្រធានក្តាប់រួមអីទេ ។

គួរបញ្ជាក់ថា ការដែលឈាមដល់ការដកតំណែងរបស់លោក វេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ចេញពីតំណែងប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា- ជប៉ុន ស្រុកមង្គលបូរី ដែលជាមន្ទីរពេទ្យរដ្ឋធំជាងគេ ក្នុងខេត្តបន្ទាយមានជ័យ នេះ គឺ ដោយសារកាលពីយប់ថ្ងៃទីសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទៅបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះលោកវរសេនីយ៍ទោ អិន លីអាន ជាក្រុមការងារអង្គរក្សសម្តេចតេជោ ដែលបានមកបំពេញបេសកកម្មនៅ ខេត្តបន្ទាយមានជ័យ ហើយមានជំងឺខ្នែងពោះវៀន កម្រិតធ្ងន់  ត្រូវធ្វើការវះកាត់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ហើយក៏ត្រូវបានឯកឧត្តមអភិបាលខេត្តមើលឃើញពីភាពខ្វះការទទួលខុសត្រូវ និងមិនចេះចាត់ចែងការងាររបស់លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ជាប្រធានមន្ទីរពេទ្យ ។ ក្នុងនោះឯកឧត្តម បានសរសេរសារបង្ហោះជាសាធារណៈក្នុងបណ្តាញសង្គមហ្វេសប៊ុក តាមរយៈអាខោនផ្លូវការរបស់ឯកឧត្តមថា “ ថ្ងៃនេះម៉ោង១០ និង០៥នាទី យប់ខ្ញុំបានបរិច្ចាកឈាមដើម្បីជួយសង្រ្គោះលោកអិន លីអាន មានឋានន្តរសក្ត័វរសេនីយទោ  ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលបានមកបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ហើយដែលលោកប្រធានមន្ទីរពេទ្យប្រាប់ថាជាគោលការណ៏ត្រូវរកអ្នកអោយឈាមជំនួស និងបង់ថ្លៃសេវាមុនធ្វើការវះកាត់ទោះអ្នកជំងឺធ្ងន់ក៏ដោយ ។ តើការគ្រប់គ្រងរបៀបនេះគួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៏ និងមិនចេះចាត់ចែងការងារហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យដែលលោក ចន្ទ័ វុឌ្ឍីណាវុធ ជាប្រធាន” ។

ការបង្ហោះសារជាសាធារណៈរបស់ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ធ្វើឱ្យផ្ទុះការចាប់អារម្មរណ៍ពីមហាជន ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បាននាំគ្នាចូលខំមិន ស្តីបន្ទោសចំពោះការបម្រើសេវាក្នុងមន្ទីរពេទ្យមួយនេះ និងអ្នកខ្លះបានបង្ហាញពីបទពិសោធឈឺចាប់ដែលធ្លាប់ឆ្លងកាត់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរីនេះ និងបានសំណូមពរដល់ថ្នាក់ដឹកនាំ មានវិធានការចំពោះភាពមិនប្រក្រតីនេះ ទៅតាមផ្លូវច្បាប់  ៕

ចំណែក