ស្ត្រីម្នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន ក្រោយយកឈ្មោះថ្នាក់ដឹកនាំ ដើម្បីរំលោភយកដីរបស់ប្រជាពលរដ្ឋ

បាត់ដំបង ៖ យោងតាមដីកាបង្គាប់អោយឃុំខ្លួន លេខ ៩០៦ របស់លោក គា សីហា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ឈ្មោះ យ៉ាន់ គឹម យៀត អាយុ៥៨ឆ្នាំ មុខរបរលក់ដូរ កើតនៅភូមិស្នាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ត្រូវបានដាក់អោយស្ថិតក្រោមការពិនិត្យ ពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅភូមិកណ្ដាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌដែលមានចែងអោយផ្តន្ទាទោសតាមមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

-បានឃើញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលេខ ១១៧០ ត.ព្រ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២

១. ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ យ៉ាន់ គឹមយៀត ទៅពន្ធនាគារខេត្តបាត់ដំបង ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី ។
២- អោយប្រធានពន្ធនាគារខេត្តបាត់ដំបង ទទួល និងឃុំខ្លួនជននេះ ក្នុងរយៈពេលអតិបរមា០៣(បី)ខែ រហូតដល់មានបញ្ហាថ្មីសម្រេចផ្សេងពីនេះ។
-ឲ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឲ្យបានល្អ នៅពេលដែលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់ ។
តាមការឲ្យដឹងពីប្រជាពលរដ្ឋរងគ្រោះ ថា កន្លងមកជនត្រូវចោទឈ្មោះ យ៉ាន់ គឹមយៀត តែងតែប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ គម្រាមកំហែងប្រជាពលរដ្ឋកុំអោយហ៊ានប្តឹងខ្លួន និងកុំអោយតុលាការហ៊ានធ្វើអ្វីខ្លួន តែលើកនេះអស់ល័ក្ខ ក៏ត្រូវតុលាការសម្រេចឃុំខ្លួនតែម្តង ។

ប្រជាពលរដ្ឋរងគ្រោះបានឲ្យដឹងទៀតថា ក្រោយពីជននេះត្រូវបានឃុំខ្លួនបានប៉ុន្មានថ្ងៃ បក្សពួករបស់ជននេះបានអួតអាងថា ខ្លួនបានទាក់ទងទៅអ្នកធំដែលជាខ្នងរបស់ខ្លួន អោយបញ្ជាទៅតុលាការអោយដោះលែងឈ្មោះ យ៉ាន់ គឹមយៀត ឆាប់ៗនេះ ហើយតុលាការនឹងដោះលែងជននេះជាក់ជាពុំខាន ។ ដូច្នេះ ដើម្បីដឹងថាតើនរណាជាអ្នកអន្តរាគមន៍ និងតើតុលាការដោះលែងជននេះពិតមែនឬទេ សូមសាធារណៈជន តាមដានបន្តទៀត ៕

CATEGORIES
Share This