អាជីវករ រកស៊ីនាំទំនិញពីថៃមកកម្ពុជា ប្តឹងប្រធាន (ក.ប.ប) ខេត្តបន្ទាយមានជ័យ ទៅអង្គភាពប្រឆាំងអំពើពុករលួយ រឿងបង់ពិន័យគ្មានវិក្កយបត្រ

67

បន្ទាយមានជ័យ ៖ អាជីវករនាំទំនិញពីថៃមកកម្ពុជាម្នាក់ បានដាក់ពាក្យបណ្តឹង ទៅអង្គភាពប្រឆាំងអំពើពុករលួយ ឱ្យមានការស៊ើបអង្គេត ចំពោះប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ ក្នុងករណីជំរិតយកលុយ ចំនួន១,៤០០,០០០រៀល (មួយលានបួនសែនរៀល) ដោយមិនមានឯកសារច្បាស់លាស់ ។

ក្នុងពាក្យបណ្តឹងមានស្នាមផ្តិតមេដៃចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ដែលបានដាក់ទៅអង្គភាពប្រឆាំងអពើពុករលួយ នេះ មានខ្លឹងសារថា ៖ ខ្ញុំបាទឈ្មោះ សូ សាមឿន ភេទប្រុស កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨៩ ជនជាតិខ្មែរ មុខរបរ អាជីវករ មានទីលំនៅសព្វថ្ងៃរស់នៅភូមិក្បាលស្ពានមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទូរស័ព្ទលេខ ០៩៩ ៩៨៩ ៥០៥ / ០៨៨ ៧០២ ៧៧៧២ ។ សូមគោរពជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។ កម្មវត្ថុ ៖ ប្ដឹងសុំ ឯកឧត្តម ជួយបើកការស៊ើបអង្កេត លើប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ ក្នុងករណីជំរិតយកលុយពីខ្ញុំបាទ ចំនួន១,៤០០,០០០រៀល (មួយលានបួនសែនរៀល) ដោយមិនមានឯកសារច្បាស់លាស់ ដែលចាត់ទុកជា ការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ក្នុងការបំពេញការងារជាសេវាកម្មសាធារណៈរបស់រដ្ឋ ។

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមជម្រាបជូនឯកឧត្តម មេត្តាជ្រាបថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១១:១៨នាទី មន្ត្រីក្រោមឱវាទរបស់លោក សាន វិជ្ជាសារ៉ាវុធ ឈ្មោះ លន់ ស៊ីថា បានឃាត់រថយន្តដឹកអីវ៉ាន់ចាប់ហួយ របស់ខ្ញុំ នៅស្នាក់ការកុងត្រូលជជុះតាមបណ្ដោយផ្លូវជាតិលេខ៥៨ បន្ទាប់មកឈ្មោះ លន់ ស៊ីថា បានទារប្រាក់ខ្ញុំបាទចំនួន២០,០០០,០០០រៀល (ម្ភៃលានរៀល) ដោយគំរាមថា បើមិនព្រមបង់លុយទេ ឈ្មោះ លន់ ស៊ីថា នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ។ ដោយសារតែភ័យខ្លាចការគំរាមកំហែងនេះ ខ្ញុំបាទ បានអង្វរសុំឲ្យបន្ធូរបន្ថយលុយដែលបានទាមទារ ។ នៅពេលនោះ ឈ្មោះ លន់ ស៊ីថា ក៏បានឱ្យខ្ញុំបាទ បង់លុយចំនួន ២,០០០,០០០រៀល (២លានរៀល) ដោយគ្មានវិក្កយបត្រ ។ យប់នោះដោយសារខ្ញុំបាទ គ្មានលុយគ្រប់ចំនួន ខ្ញុំបាទបានប្រគល់លុយ ចំនួន៤០០,០០០រៀល (បួនសែនរៀល)  នៅហ្នឹងកន្លែង លុះព្រឹកឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ឈ្មោះ លន់ ស៊ីថា បានជិះរថយន្តមកយកលុយនៅផ្ទះរបស់ខ្ញុំបាទ ចំនួន១,០០០,០០០រៀល (មួយលានរៀល) បន្ថែមទៀត ។ ដោយសារពុំមានថវិកាគ្រប់ចំនួន ខ្ញុំបាទបានសុំពន្យារពេលបួនថ្ងៃទៀត ចាំប្រគល់លុយ ចំនួន៦០០,០០០រៀល (ប្រាំមួយសែនរៀល) បន្ថែមទៀត ។ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ខ្ញុំបាទបានផ្ញើលុយចំនួន ៦០០,០០០រៀល តាមរយៈប្រព័ន្ធផ្ទេរលុយ អ៊ីម៉ាន់នី  (e-money) បន្ថែម តែឈ្មោះ លន់ ស៊ីថា បានបដិសេធមិនទទួលលុយចុងក្រោយ ព្រោះលោក ខឹងខ្ញុំបាទបានផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាន ។

ក្រោយមានសារព័ត៌មានក្នុងស្រុកបាន ផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ មានក្រុមអ្នកជំនួញ ក្រុមអាជីវករ និងអ្នកស៊ីឈ្នួលដឹកទំនិញ ជាច្រើននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានផ្ដល់ឯកសារផ្ញើលុយប្រចាំខែតាមប្រព័ន្ធផ្ញើលុយ (wing & e-money) ដល់មន្ត្រីសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ ដោយគ្មានវិក្កយបត្រ មកដល់រូបខ្ញុំ ដោយបង្ហាញថា ពួកគាត់ទទួលរងគ្រោះដូចរូបខ្ញុំដែរ ។

ទន្ទឹមនឹងការព្រមផ្ដល់របាយការណ៍ឯកសារប្រវត្តិផ្ញើលុយឲ្យទៅមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យ ឲ្យមករូបខ្ញុំ ប្រជាពលរដ្ឋដែលរងគ្រោះនៅក្រុងប៉ោយប៉ែត បានយល់ព្រមផ្ដល់ ភស្តុតាងបន្ថែមទាក់ទងនឹងអំពើទាមទារលុយប្រចាំខែ ដោយគ្មានចេញវិក្កយបត្រនេះ ប្រសិនបើមានការស៊ើបអង្កេត ពីអង្គភាពប្រឆាំងអំពើពុករលួយ ។

សកម្មភាពជំរិតទារប្រាក់ ដោយគ្មានវិក្កយបត្រ របស់មន្ត្រីសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ នេះ ខ្ញុំបាទចិត្តទុកថា ជាទង្វើប្រព្រឹត្តអំពើពុករលួយលក្ខណៈប្រព័ន្ធ ដែលអង្គភាពប្រឆាំងអំពើពុករលួយគួរមានវិធានការផ្លូវច្បាប់ បើកការស៊ើបអង្កេត កោះហៅចូលខ្លួនបំភ្លឺនៅចំពោះមុខអង្គភាពតាមនីតិវិធីច្បាប់ជាធរមាន ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ  សូម ឯកឧត្តម មេត្តាជួយមានវិធានការផ្លូវច្បាប់ ដោយក្តីអនុគ្រោះ ។

ជាមួយនឹងការដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយនេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កន្លងមកពិតជាមាន ករណីចាប់ឃាត់ទំនិញរបស់អ្នកដែលបានដាក់ពាក្យបណ្តឹងខាងលើ ឱ្យបង់ពិន័យអន្តរការណ៍ពិតប្រាកដមែន ហើយមន្ត្រីរបស់បានសរសររបាយការណ៍ពិន័យអន្តរការណ៍ ចប់សព្វគ្រប់តាំងពីចុងខែ៨ មកម្លេះ ក្នុងនោះមន្ត្រីរបស់លោក ក៏បានសរសេរវិក្កយបត្រឱ្យគាត់ផងដែរ តែគាត់មិនមកយក ។

លោកបន្តថា ដើមឡើយករណីនេះ ក្រោយការត្រួតពិនិត្យ ក្រុមការងាររបស់លោក បានកំណត់ឱ្យគាត់បង់ពិន័យអន្តរការណ៍ ចំនួន២,០០០,០០០រៀល (ពីរលានរៀល) តែគាត់បង់បានតែ ចំនួន១,៤០០,០០០រៀល (មួយលានបួនសែនរៀល) ហើយក៏មិនព្រមមកបង់បន្ថែមទៀត ។ ឃើញដូច្នេះលោកបានឆ្លងយោបល់ទៅឯកឧត្តមអគ្គរង ឯកឧត្តមប្រតិភូ គាត់ក៏សម្រេចពិន័យតែ ចំនួន១,៤០០,០០០រៀល (មួយលានបួនសែនរៀល) នឹងទៅចុះ ព្រោះគាត់បានបង់ចូលមករួចទៅហើយ ។ តែការពិតនោះ គឺ គាត់ត្រូវយកលុយចំនួន ៦០០,០០០រៀល (ប្រាំមួយសែនរៀល) ទៀតមកបង់បន្ថែមទៀត ដើម្បីបានវិក្កយបត្រ លុះក្រោមមកទៀតគាត់បានផ្ញើលុយចំនួន៦០០,០០០រៀល (ប្រាំមួយសែនរៀល) ដែលខ្វះនេះមកឱ្យមន្ត្រីរបស់លោកតាមរយៈប្រព័ន្ធវេលុយ តែលោកបានបញ្ជាមន្ត្រីរបស់លោកមិនឱ្យទទួលយកនោះទេ ព្រោះគាត់ត្រូវតែមកបង់លុយដោយផ្ទាល់ ដើម្បីយកវិក្កយបត្រត្រឡប់ទៅវិញ ហើយក៏បានស្ងាត់ឈឹង រហូតមានការប្តឹងលោក ទៅអង្គភាពប្រឆាំងអំពើពុករលួយនេះ តែម្តង ។

លោកបញ្ជាក់ថា ឥឡូវនេះលោកជាមន្ត្រីស៊ើបអង្កេត មិនមែនជាមន្ត្រីបម្រើសេវាដូចមុនទេ កាលណាលោកឆ្មក់ស្រាវជ្រាវ ជួបបទល្មើស លោកមានសិទ្ធិ ជាមួយក្រុមការងាររបស់លោក សម្រេចការពិន័យអន្តរការណ៍ ហើយសម្រាប់អ្នកប្រព្រឹត្តបទល្មើសទាំងនោះ មានសិទ្ធិបង់នៅទីកន្លែងណាក៏ដោយ ដែលលោកជួបសកម្មភាពល្មើស ហើយក្នុងករណីត្រូវឃាត់មធ្យោបាយ ឬយ៉ាងណា មន្ត្រីជំនាញរបស់លោក នឹងពិចារណាអនុវត្តន៍នីតិវិធី តាមនោះ ៕

ដោយ ៖ សម្បត្តិ សីហា

ចំណែក