យុវជនកម្ពុជា(ក្រុម១៥៧) ក្រុងសិរីសោភ័ណ នាំយកគ្រឿងបរិភោគ ជូនរដ្ឋបាលក្រុងសិរីសោភ័ណ ដើមឧបត្ថម្ភបន្តទៅពលរដ្ឋ

បន្ទាយមានជ័យ ៖ សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងសិរីសោភ័ណ សាខាខេត្តបន្ទាយមានជ័យ  បាននាំយកគ្រឿងបរិភោគមួយចំនួន ប្រគល់ជូនរដ្ឋបាលសាលាក្រុងសិរីសោភ័ណ ដើម្បីឧបត្ថម្ភបន្តទៅប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ពលរដ្ឋខ្វះខាត និងជួបការលំបាក ។

ការនាំអំណោយនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅបរិវេណសាលាក្រុងសិរីសោភ័ណ ក្រោមការចូលរួមពីសំណាក់លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក អេម ពៅ អនុប្រធាន តំណាងលោក ជា សុវណ្ណធួន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងសិរីសោភ័ណ សាខាខេត្តបន្ទាយមានជ័យ រួមនិងសមាជិកយុវជន(ក្រុម១៥៧) និងមន្ត្រីសាលាក្រុងជាច្រើននាក់ទៀតផងដែរ ។

លោក អេម ពៅ បានឲ្យដឹងថា ជាគោលការណ៍របស់សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រោមការដឹកនាំរបស់លោក ម៉ឹង ពន្លក ជាប្រធានសមាគម និងការណែនាំជាប្រចាំរបស់លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ថ្ងៃនេះក្រុមការងារថ្នាក់ក្រុង បាននាំយកគ្រឿងបរិភោគ រួមមាន ៖ អង្ករ ៥០០គីឡូក្រាម, ទឹកស៊ីអ៊ីវ ២០យួរ, ទឹកត្រី ២០យួរ, ទឹកសុទ្ធ ៥០យួរ ប្រគល់ជូនរដ្ឋបាលសាលាក្រុងសិរីសោភ័ណ ដើម្បីឧបត្ថម្ភបន្ត ទៅបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ពលរដ្ឋខ្វះខាត និងជួបការលំបាក ក្នុងមូលដ្ឋានក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានមានប្រសាសន៍ថា ចាប់តាំងពីលោកនៅជាយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាមកម្លេះ ដែលលោកបានរួមសហការជាមួយយុវជនកម្ពុជា(ក្រុម១៥៧) ចុះធ្វើកិច្ចការងារមនុស្សធម៌ តាមរយៈ ការ​ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាក បងប្អូនជនពិកា និងមានជំងឺប្រចាំកាយជាដើម ។ ដែលសកម្មភាពទាំងនេះ បានសបញ្ជាក់ថា សមាគមយុវជនកម្ពុជា(ក្រុម១៥៧) ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាលដល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងគ្រាមានអាសន្ន ។

ក្នុងនាមអភិបាលក្រុង និងជំនួសមុខឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ និងលោក អេម ពៅ ដែលបានដឹកនាំក្រុមការងារ នាំយកអំណោយខាងលើ មកប្រគល់រដ្ឋបាលក្រុង ដើម្បីឧបត្ថម្ភបន្តទៅ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ពលរដ្ឋខ្វះខាត និងជួបការលំបាក ក្នុងមូលដ្ឋានក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាពេលនេះ ។ និងសូមជូនពរក្រុមការងារ ជួបប្រទះ តែសេចក្ដីសុខ សេចក្តីចម្រើ និងជោគជ័យគ្រប់ភារៈកិច្ចការងារ ៕

CATEGORIES
Share This