អាវុធហត្ថក្រុងសិរីសោភ័ណ ចាប់ខ្លួនក្មេងវត្តម្នាក់ ពីបទលួចទូរស័ព្ទព្រះសង្ឃ ក្នុងវត្តខ្លាកូនចាស់

បន្ទាយមានជ័យ ៖ ជនសង្ស័យជាក្មេងវត្តម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីធ្វើសកម្មភាព លួចទូរស័ព្ទដៃរបស់ព្រះសង្ឃ​ គង់នៅក្នុងវត្តសុវណ្ណបុព្វតា​ (ហៅវត្តខ្លាកូនចាស់)​ ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថ​ក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ឆូត ឆុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត នៅខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅក្នុងវត្ត​ ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ បង្ក្រាបឃាត់ខ្លួនកាលពីវេលាម៉ោង០០ និង៣០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅចំណុចក្នុងវត្តសុវណ្ណបុព្វតា​ (ហៅវត្តខ្លាកូនចាស់)​ ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។

ការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតបាន ទូរស័ព្ទដៃចំនួន០៤គ្រឿង​ រួមមាន​ ៖​ ១.ទូរស័ព្ទម៉ាកOPPO ពណ៌ក្រហម ចំនួន០២គ្រឿង,​ ២.ទូរស័ព្ទម៉ាកOPPO ពណ៌ខៀវ ចំនួន០១គ្រឿង, ៣.ទូរស័ព្ទម៉ាកVIVO ពណ៌ស ចំនួន០១គ្រឿង ប្រគេនជូនព្រះសង្ឃវិញផងដែរ ៕

CATEGORIES
Share This