ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹក ក្នុងឃុំអូរតាគី ក្នុងសភាពហើមប៉ោង

ខេត្តបាត់ដំបង! សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកអូរតាគី នៅវេលាម៉ោង១០និង៤០នាទីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅចំណុច (អូរ )ស្ថិតក្នុងក្រុមទី១៣ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សាកសពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ ពាក់អាវដៃវែងពណ៌ត្រួយចេក និងស្លៀកខោខូវប៊យជើងវែងពណ៌ខ្មៅ  ហើយបើតាមការបំភ្លឺរបស់ឈ្មោះ នួម សុកៃ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិត្រស់ ឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបង បានអោយដឹងថា: នៅវេលាម៉ោងប្រហែល ៩និង៥០នាទី ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ ខ្លួននិងកូន២នាក់តូចៗបានជិះម៉ូតូទៅបញ្ចូលហ្គាសនៅផ្សារតាមុឹងអូតាគី  ពេលខ្លួនមកដល់ចំណុចផ្លូវវាងទៅផ្សារតាមុឹងខ្លួនបានក្រឡេកមើលទៅខាងឆ្វេងដៃស្រាប់តែឃើញសពមនុស្សអណ្ដែតទឹកនៅមាត់ប្រឡាយខាងកើតវត្តអូរតាគីប្រហែល៣០០ម៉ែត្រ ពេលនោះខ្លួនក៏ឈប់ម៉ូតូមើលមួយភ្លែតឃើញថាពិតជាសពមនុស្សអណ្ដែតទឹកពិតប្រាកដមែន បន្ទាប់មកខ្លួនក៏បានជិះម៉ូតូចេញទៅផ្សារអូរតាគី ពេលទៅដល់ផ្សារអូតាគីខ្លួនបានជួបជាមួយឈ្មោះ ទុំ ពន្លក ជាជំទប់ទី ១ ឃុំអូតាគី ពេលនោះខ្លួនក៏បានឈប់ម៉ូតូប្រាប់គាត់ថា ពូខ្ញុំបានឃើញសពមនុស្សស្លាប់អណ្ដែតទឹកនៅប្រឡាយដៃអូខាងកើតវត្តអូរតាគីប្រហែល ៣០០ម៉ែត្រ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចក៏ដូចជាអាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យទីកន្លែងកើតហេតុ និង សាកសពមានសភាពហើមនិងរលួយស្បែកមើលមិនយល់ ហើយក្រោយពីពិនិត្យសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុផងនោះ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា សាកសពនេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បន្ទាប់មកក៏បានយកទៅតម្កល់ទុកនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

CATEGORIES
Share This