Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ជាង១ពាន់នាក់ នៅខេត្តបន្ទាយមានជ័យ ។

ជាកិច្ចចាប់ផ្តើមនៃកិច្ចសំណេះសំណាលនេះ ឯឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងរបាយការណ៍ ជម្រាបសម្តេចតេជោ និងអង្គពិធីទាំងមូល ពាក់ព័ន្ធសភាពការណ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការងារផ្សេងៗនៅក្នុងខេត្ត បន្ទាយមានជ័យ ។ មន្ដ្រីរាជការទូទាំងខេត្តមាន សរុបជាង ៨ពាន់នាក់ មានស្រីជិត ៤ពាន់នាក់ ។ ក្នុងនោះ មន្ត្រីសាលាខេត្ត មានចំនួន ១២៦នាក់ (ស្រី៣៥នាក់)បុគ្គលិកអប់រំ-គ្រូបង្រៀន ចំនួន ៥,៨៨៨នាក់ (ស្រី ២,៨៨២នាក់) មន្ត្រីសុខាភិបាល-គ្រូពេទ្យ ចំនួន ១,២១៨នាក់ (ស្រី ៦៤៩នាក់) មន្ត្រីមន្ទីរ អង្គភាព ចំនួន៧៥៣នាក់ (ស្រី២១៧នាក់) មន្ត្រីសាលាក្រុង ស្រុក ចំនួន ៥៣០នាក់ (ស្រី១៥០នាក់) ស្មៀនឃុំ សង្កាត់ ចំនួន ៦៧នាក់ (ស្រី១៥នាក់)។ រីឯមន្ត្រីកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងខេត្ត មានចំនួនសរុបជាង ៥ពាន់នាក់ ។ ដោយឡែកក្រុមប្រឹក្សាខេត្តមាន ចំនួនសរុប ២៥នាក់, ក្រុមប្រឹក្សាក្រុង ស្រុកសរុបចំនួន ១៦៩នាក់, ក្រុមប្រឹក្សាឃុំ/សង្កាត់ សរុបចំនួន ៥៣៣នាក់ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបសម្តេចតេជោ និងអ្នកចូលរួមក្នុងពិធី លើការងារគ្រោះទឹកជំនន់, ការចាក់ស្រោចវ៉ាក់សាំងដើម្បីទប់ស្កាត់ជំងឺកូវីដ១៩, ការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល, ការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការដោះមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម, ការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋបានអាស្រ័យផលជាក់ស្តែងយូរហើយ ក្នុងតំបន់៣, ការផ្ដល់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងប្រយុទ្ធនឹងជំងឺកូវីដ១៩, ការដោះស្រាយទំនាស់ដីធ្លីនៅបឹងជង្រុក និងបឹង៧៥ ភូមិទំនប់ដាច់ ចំណីផ្លូវរថភ្លើងប៉ោយប៉ែតជាដើម ។

ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ តំណាងឱ្យមន្ត្រីរាជការក្នុងខេត្ត បានប្រកាសគាំទ្រពេញទំហឹងចំពោះសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជន នាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីប្រជាជន និងប្រទេសជាតិរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ។

ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្ត ឯកឧត្តមអភិបាលខេត្ត បានប្រកាសថ្កោលទោសដាច់អហង្កា និងប្រឆាំងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍ របស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ៣ជំនាន់ តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ ដែលបានញុះញង់ឱ្យកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរ និងបានជេរប្រមាថដោយអសីលធម៌ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់ របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ។

បន្ទាប់ពីស្តាប់នូវរបាយការណ៍នានារបស់អភិបាលខេត្តរួចមក  សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវអារម្មណ៍រីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តបន្ទាយមានជ័យ និងសូមអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់​ ក្នុងខេត្តបន្ទាយមានជ័យទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីពេលថ្មីៗនេះ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងនៅក្នុងខេត្ត ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់នូវទង្វើបង្កចលាចលនានាក្នុងសង្គម ។

បើទោះបីជាយ៉ាងណា នៅក្នុងជំនួបសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋ ឱ្យបានលឿនរហ័ស ។ ជៀសវាងដាច់ខាតការបង្កបង្កើតនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ ៕