រយៈពេល៩ខែ កម្ពុជានាំចេញផលិតផលកាត់ដេរ មានកំណើន ២៤.៥ភាគរយ

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ កម្ពុជានាំចេញផលិតផលកាត់ដេរ មានតម្លៃសរុប ១០.២៥ពាន់លានដុល្លារ ឆ្នាំ២០២២នេះ​ មាន​កំណើន ២៤.៥ភាគរយ ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោង​តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករ ​ការនាំចេញផលិតផលកាត់ដេរ រួមមាន៖ សំលៀកបំពាក់ ស្បែកជើង​ និងផលិតផលធ្វើដំណើរ រួមចំណែក ​៥៩ភាគរយ នៃការនាំ​ចេញេ​សរុប ១៧.២៥ពាន់លានដុល្លារ​ក្នុងរយៈពេល ​ចាប់ពីខែមករា​ ដល់ខែកញ្ញា​ឆ្នាំនេះ។

របាយការណ៍ដដែល​ បង្ហាញថា ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿង​បំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ គ្រឿងបន្លាស់រថយន្ត ​អំពូលលម្អ ផលិតផលពីឈើ កុងផ្លាកេ ផលិតផលពីប្លាស្ទិក ​ស្បែកសត្វកែច្នៃ ​និងផលិតផលផ្សេងៗទៀត)​ មានចំនួន ៤ ១៨៧,៥ លានដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ៨០៨,២ លានដុល្លារអាមេរិក ស្មើនឹង ២៣,%

ដោយឡែក ការនាំចេញ​កសិផលមានចំនួន ២ ២២៧,៥ ​លានដុល្លារអាមេរិក ​កើនឡើងប្រមាណ ១២២,៣ ​លានដុល្លារអាមេរិក ស្មើនឹង ៥,% ដែលក្នុងនោះ ​ស្រូវនាំចេញមានតម្លៃ ៥០៣,៦ លាន​ដុល្លារអាមេរិក ការនាំចេញអង្ករមានតម្លៃ ​២៩១,៥ លាន​ដុល្លារអាមេរិក ​កៅស៊ូនាំចេញ​​មានតម្លៃ ២៧២,៨ លាន​ដុល្លារអាមេរិក ​និងកសិផល​ផ្សេងទៀតមានតម្លៃ ១ ១៥៩,៧ លានដុល្លារអាមេរិក ។

សូមបញ្ជាក់ថា ​ទំហំនៃការនាំចេញក្នុងរយៈពេល ​៩ខែ ឆ្នាំ​២០២២ ​សម្រេចបាន ១៧.២៥ ពាន់លាន​ដុល្លារ កើនឡើង ២២.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុង​ ឆ្នាំ​២០២១៕

CATEGORIES
Share This