ពលរដ្ឋរងគ្រោះដោយ ទឹកជំនន់១៦៧គ្រួសារ នៅស្រុកភ្នំស្រុក ទទួលអំណោយសម្ដេចតេជោ ហ៊ុន សែន
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញនាំអំណោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចុះសួរសុខទុក្ខ ពលរដ្ឋរងគ្រោះដោយ ទឹកជំនន់១៦៧គ្រួសារ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
ការចុះសួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី ជាច្រើននាក់ទៀតផងដែរ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំង២ ជូនចំពោះពុកម៉ែបងប្អូនដែលកំពុង ជួប គ្រោះទឹកជំនន់ជន់លិចផ្ទះសំបែង ។
ក្រៅពីនេះឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ ផ្តាំផ្ញើផងដែរចំពោះបងប្អូនប្រជាពលរដ្ឋ ត្រូវរស់នៅប្របកដោយអនាម័យ ជាពិសេស ក្នុងពេលទឹកជំនន់កំពុងឡើងខ្លាំង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារ ពិសេសមនុស្សចាស់ និងក្មេងៗ ព្រោះបើមានការធ្វេសប្រហែសវាអាចនឹងកើតមានគ្រោះថ្នាក់ណាមួយ ជាយថាហេតុ ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ ទទួលអំណោយខាងលើ មកពីឃុំចំនួន២ គឺ ឃុំណាំតៅ ចំនួន៥២គ្រួសារ និងឃុំស្ពានស្រែងចំនួន១១៥គ្រួសារ សរុបចំនួន១៦៧គ្រួសារ ដោយ ក្នុង១គ្រួសារ ទទួលបាន ៖ ឃីត១កញ្ចប់, អង្ករ, និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនទៀតផងដែរ ៕