អង្គភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់ប្រចាំខេត្តបាត់ដំបង)ចុះត្រួតពិនិត្យនិងរាវរកគ្រាប់មិនទាន់ផ្ទុះដេីម្បីបញ្ជៀសរាល់បញ្ហាផ្សេងៗក្នុងពេលប្រារព្ធពិធីបុណ្យអុំទូក

ខេត្តបាត់ដំបង! ក្រោមការណែនាំនិងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ទៅលេីសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចេញព្រះវស្សា អុំទូក អកអំបុក និងសំពះព្រះខែ នាថ្ងៃខាងមុខ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងអង្គភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់ប្រចាំខេត្តបាត់ដំបង)បានចុះត្រួតពិនិត្យនិងរាវរកគ្រាប់មិនទាន់ផ្ទុះ សំណល់យុទ្ធភណ្ឌពីសម័យសង្គ្រាមនៅតាមគោលដៅទីប្រជុំជននានាក្នុងក្រុងដេីម្បីបញ្ជៀសរាល់បញ្ហាផ្សេងៗក្នុងពេលប្រារព្ធពិធីបុណ្យអុំទូកខេត្តបាត់ដំបង។

ក្នុងការចុះត្រួតពិនិត្យនិងរាវរកគ្រាប់មិនទាន់ផ្ទុះនេះដែរ លោក នួម ឆៃរួម ប្រធានក្រុមការងារផែនការសកម្មភាពមីនខេត្តបាត់ដំបងបានអោយដឹងថា ក្រោមការណែនាំនិងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ទៅលេីសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចេញព្រះវស្សានេះ ឯកឧត្តមបានចាត់អោយលោកដឹកនាំកម្លាំងសហការជាមួយខាងអង្គភាពស៊ីម៉ាក់ ដោយបែងចែកចេញជាពីរក្រុម ដែលក្នុងនោះមានក្រុមសំណក់ និងក្រុមរាវមីនដោយដៃ ក្នុងការចុះត្រួតពិត្យរាវរកតាមចំណុចគោលដៅសំខាន់ៗដើម្បីអោយមានសុវត្ថិភាពក្នុងដំណើរការនៃពិធីបុណ្យអុំទូកដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩ ទី១០ ខែតុលា ខាងមុខនេះ។

ជាមួយគ្នានេះដែរ លោក នួម ឆៃរួម ប្រធានក្រុមការងារផែនការសកម្មភាពមីនខេត្តបាត់ដំបងក៏បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាក្រៅខេត្តទាំងអស់ សូមអញ្ជើញមកទស្សនាកម្មពិធីបុណ្យអុំទូក ដែលនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ និងទី១០ ខាងមុខនេះ ហើយក៏សូមអំពាវនាវអោយបងប្អូនមានការចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នាអំពីសុវត្ថិភាពពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩ ដោយចូលរួមពាក់ម៉ាស់ផង និងមួយវិញទៀតសូមកុំអោយពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន ហើយជាពិសេសប្រសិនបើបងប្អូនមានបំណងចង់ចាក់វ៉ាក់សាំង សូមយកកាតវ៉ាក់សាំងមកជាមួយផង ព្រោះក្នុងឱកាសនៃពិធីបុណ្យអុំទូកនេះ ក៏មានក្រុមការងារនៃមន្ទីរសុខាភិបាលបានដាក់គោលដៅចាក់វ៉ាក់សាំងជូនបងប្អូនផងដែរ។

CATEGORIES
Share This