ឯកឧត្តម សុខ លូ បន្តចុះសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះដោយទឹក នៅស្រុកសំពៅលូន

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសហការី និងសប្បុរសជន បានបន្តអញ្ជីញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារងគ្រោះចំនួន ២២០គ្រួសារ មកពីភូមិចំនួន១៥ ក្នុងឃុំចំនួន៦ នៃស្រុកសំពៅលូន ខេត្តបាត់ដំបង ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមប្រធាគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេ តែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែង ប្រកបមុខរបរ បង្ករបង្កើនផល ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ពេលទឹកស្រកទៅវិញ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង ។

ឯកឧត្តមប្រធាន ក៏បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានា ពីការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ការចំណាក់ស្រុកខុសច្បាប់  ដើម្បីមានការអន្តរាគមន៍បង្រ្កាប បានទាន់ពេលវេលា ។ ទី២ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់យើងទាំងអស់គ្នា  ហើយសូមឱ្យប្រជាពលរដ្ឋ ចូលរួមអប់រំណែនាំកូនចៅរបស់ខ្លួន ឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ ពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ សម្រាប់ខ្លួនឯង និងអ្នកដទៃ ។ ទី៣ សូមទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ឬដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ១៩ ។

ឯកឧត្តមប្រធានបន្តថា អំណោយមនុស្សធម៌ដែលនាំមកជូននាពេលនេះ គឺអាចជួយសម្រាលទុក្ខលំបាករបស់ បងប្អូនបានមួយរយៈ ហើយនេះក៏ជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែនៅជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋយើងជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង០១គ្រួសារៗទទួលបាន ៖ -អង្ករ២៥គីឡូក្រាម , មី០១កេស , ទឹកបរិសុទ្ធ០១កេស, មុង០១ , ភួយ០១ ,សារុង០១ , ក្រមា០១ , ត្រីខ០១យួរ , ទឹកត្រី០១យួរ , និងទឹកស៊ីអ៉ីវ០១យួរផងដែរ ៕
ដោយ ៖ សាលី

CATEGORIES
Share This