កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់
បន្ទាយមានជ័យ ៖ ជាបន្តបន្ទាប់ កម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ តែងបានចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។
ជាក់ស្តែងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការស្តីទី កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំង កម្លាំងអន្តរាគមន៍ ប្រចាំការនៅស្រុកថ្មពួក ក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ចុះជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះមាន ៖ ស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកហូរមកពីប្រទេសថៃ ជួយជញ្ជូនសម្ភារ ទៅកាន់ទីទួលមានសុវត្ថិភាព ចំនួន ៦គ្រួសារ មនុស្សរាយ ១៩នាក់ ប្រុស ៩នាក់ ស្ថិតនៅភូមិភ្នំរ៉ូង ឃុំបឹងបេង ស្រុកម៉ាឡៃ ។ ក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងដោយ វរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងជួយជញ្ជូនសម្ភារប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង រកកន្លែងទីទួលមានសុវត្ថិភាព ស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ ស្រុកថ្មពួក ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយអាជ្ញាធរមូលដ្ឋាន ផ្នែកសឹករងស្រុកថ្មពួក ព្រះចៅអធិការ ព្រះសង្ឃ វត្តថ្មរមៀល ពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងភូមិអូរកំបុត ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ផងដែរថា ក្រៅពីកម្លាំងជួយសង្រ្គោះ ក៏មានកម្លាំង និងទូកសម្រាប់ជួយសង្រ្គោះ កំពុងប្រចាំការ នៅក្នុងស្រុកចំនួន២ផ្សេងទៀត មាន ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ តាមដានស្ថានភាពទឹកជំនន់ និងត្រៀមជួយសង្រ្គោះពលរដ្ឋទាន់ពេលវេលាផងដែរ ៕