តាជី យាយជី ចំនួន៣វត្ត ក្នុងឃុំអូរដំបង១ ទទួលបានសំលៀកបំពាក់ របស់ឯកឧត្តម លឹម ហ៊ួរនីតា

បាត់ដំបង ៖ ក្រុមយុវជនឃុំអូរដំបង១ ដែលដឹកនាំដោយលោក សេក ផានិត ជាប្រធាន បាននាំយកអាវសរ កន្សែងពានា និងសារុង ជាអំណោយរបស់ឯកឧត្តម លឹម ហ៊ួរនីតា អនុប្រធានក្រុមការងារចុះជួយស្រុកសង្កែ ចែកជូនដល់អាចារ្យ តាជី ដូនជី ក្នុងវត្តចំនួន៣ ក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីស្លៀកពាក់ក្នុងថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។

លោក សេក ផានិត ប្រធានក្រុមយុវជនឃុំអូរដំបង១ បានលើកឡើងនៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ថា ក្រោមការយកចិត្តទុក្ខដាក់ និងចង្អុលបង្ហាញពីឯកឧត្តម ឡោក ហ៊ួរ អ្នកតំណាងរាស្រ្តមណ្តលខេត្តបាត់ដំបង ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសង្កែ ឯកឧត្តម បានចាត់អោយរូបលោក តំណាងឯកឧត្តម លឹម ហ៊ួរនីតា អនុប្រធានក្រុមការងារចុះជួយស្រុកសង្កែ ដឹកនាំក្រុមការងារយុវជននាំយកអាវអាចារ្យ អាវយាយជី កន្សែងពានា និងសារុង ចែកជូនដល់គណៈកម្មការអាចារ្យវត្តចំនួន៣ ដែលក្នុងនោះមាន ៖ វត្តរការ, វត្តបុះបេង និងវត្តចែង សម្រាប់ប្រើប្រាស់ដឹកនាំ និងទទួលពុទ្ធបរិស័ទលោកយាយលោកតា មកធ្វើបុណ្យភ្ជុំបិណ្ឌតាមប្រពៃណី ។

លោកបញ្ជាក់ថា ការនាំយកអាវអាចារ្យ អាវយាយជី តាជី ចែកជូននាពេលនេះ គោលបំណង គឺ ដើម្បីអោយពួកគាត់បានប្រើប្រាស់ស្លៀកពាក់ដូចៗគ្នា ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ជាការរួមចំណែកបង្ហាញអំពីវប្បធម៌ខ្មែរ បង្ហាញអំពីអត្តសញ្ញាណរបស់ខ្មែរ បង្ហាញអំពីសម្លៀកបំពាក់ជាប្រពៃណីរបស់ខ្មែរផងដែរ ។

ជាចុងក្រោយ លោកប្រធានក្រុមយុវជន ក៏បានប្រគេនបុណ្យកុសល ដល់ព្រះតេជគុណគ្រប់ព្រះអង្គ ក៏ដូចជាលោកអាចារ្យ គណៈកម្មការវត្តទាំងបី និងពុទ្ធបរិស័ទទាំងអស់ សូមអោយទទួលបានស្មើៗគ្នា ហើយក្នុងនោះដែរ ពួកគាត់មានក្តីរំភើបរីករាយសប្បាយចិត្ត ហើយក៏បានជូនពរទៅដល់ឯកឧត្តម និងក្រុមការងារទាំងអស់អោយជួបតែសេចក្តីសុខ សេចក្តីចំរើន និងសុខភាពល្អ ដើម្បីបន្តដឹកនាំកសាងប្រទេសជាតិអោយមានការរីកចម្រើនបន្ថែមទៀត ហើយក៏សូមអរគុណសន្តិភាពនិងការអភិវឌ្ឍន៍ផងដែរ ៕
ដោយ ៖ សាលី

CATEGORIES
Share This