អាវុធហត្ថខេត្តបន្ទាយមានជ័យចូលរួមកាន់វេនបិណ្ឌទី១០ នៅវត្តកុឌ្ឌបព្វតា ភ្នំជញ្ជាំង
(បន្ទាយមានជ័យ): លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន និងលោកស្រី លឹម វ៉ាន់នី ព្រមទាំងបុត្រា-បុត្រី និងសហការី នៃបញ្ជារការរដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចូលរួមកាន់វេនបិណ្ឌទី១០ នៅវត្តកុឌ្ឌបព្វតា (ហៅវត្តភ្នំជញ្ជាំង) ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះក៏មានការចូលរួមពីពុទ្ធបរិស័ទជិតឆ្ងាយ ផងដែរ ។
នាឱកាសបុណ្យកាន់វេននេះលោកឧត្ដសេនីយ៍ត្រី បោន ប៊ិន ព្រមទាំងក្រុមគ្រួសារ និងសហការីកងរាជអាវុធហត្ថទាំងអស់ ក៏បានអញ្ជេីញនិមន្តព្រះសង្ឃសូត្រមន្ត ចម្រើនព្រះបរិត្ត បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនបុព្វការីជន ជីដូន ជីតា ញាតិមិត្ត ដែលបានចែកឋានទៅលោកខាងមុខ ពិសេសវរកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិ ដេីម្បីបុព្វហេតុការពារជាតិមាតុភូមិ មកទទួលបុណ្យកុសលដែលបានឧទ្ទិសជូន ព្រមទាំងបានថ្វាយគ្រឿងសក្ការបូជារួមមាន ធូប ទៀន ផ្កាភ្ញី ថ្វាយចំពោះព្រះសម្មាសម្ពុទ្ធ តាមប្រពៃណីទំនៀបទម្លាប់របស់ខ្មែរដែលបានមានតាំងពីដើមមក ។
ក្នុងឱកាសកាន់វេនបិណ្ឌទី១០នោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន និងភរិយា បានប្រគេនបច្ច័យ សម្រាប់កសាងចំនួន៦១លានរៀល និងប្រគេនព្រះសង្ឃ១៣អង្គ ក្នុងមួយព្រះអង្គ១០ម៉ឺនរៀល ក្នុងនោះប្រគេនព្រះចៅអធិការវត្ត២០ម៉ឺនរៀល,
តាអាចារ្យ១៨នាក់ ម្នាក់ៗ១០ម៉ឺនរៀល, យាយជី៣១ ក្នុងម្នាក់៥ម៉ឺនរៀល រួមនឹងសម្ភារៈ គ្រឿងឧបរិភោគបរិភោគមួយចំនួនទៀត ៕