រយពេល៣ថ្ងៃ សមត្ថកិច្ចកខេត្តតាកែវ បង្ក្រាបល្បែងអនឡាញខុសច្បាប់ចំនួន៨៦៩ទីតាំង
តាកែវ៖ បន្ទាប់ពីមានបទបញ្ជាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យ បង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់នោះ អាជ្ញាធរខេត្ត កំពុងសស្រាក់សស្រាំអនុវត្តតាមបទបញ្ជានេះ ដោយខេត្តខ្លះបានប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងរាប់រយកន្លែង ដែលមានក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។
ជាក់ស្ដែងសម្រាប់ខេត្តតាកែវ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ សមត្ថកិច្ចនៅក្នុងខេត្តតាកែវ បានធ្វើការចុះណែនាំ និងបង្រ្កាបទីតាំងល្បែងអនឡាញខុសច្បាប់ផ្សេងៗទៀត បានចំនួន ៨៦៩ទីតាំង។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងប្រាប់ទូរទស្សន៍BTV ថា ក្រោយពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ឱ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់ជាពិសេសល្បែងអនឡាញ ឯកឧត្តមបានបញ្ជាទៅដល់លោកស្នងការនគបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថ និងមេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តជាពិសេសអភិបាលក្រុងស្រុកទាំង ១០នៅក្នុងខេត្តតាកែវ ត្រូវធ្វើសកម្មភាពជាបន្ទាន់ដោយចុះទៅអប់រំណែនាំនឹងបញ្ឈប់ទីតាំងល្បែងខុសច្បាប់នានានៅក្នុងមូលដ្ឋានរបស់ខ្លួនអោយអស់។ បើកករណីនៅតែរឹងរូសបើកដំណើរការល្បែងខុសច្បាប់ បន្តទៀតគឺត្រូវតែបង្រ្កាបតែម្ដង។
ជាលទ្ធផលក្នុងរយៈពេល៣ថ្ងៃនេះ យើងបានចុះអប់រំណែនាំ និងបង្រ្កាបទីតាំងល្បែងអនឡាញនិងល្បែងខុសច្បាប់ដទៃទៀតបានចំនួន ៨៦៩ទីតាំងនៅទូទាំងខេត្តតាកែវ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា អភិបាលក្រុងស្រុកទាំង១០ត្រូវមានការទទួលខុសត្រូវចំពោះមុខអភិបាលខេត្តជាពិសេសចំពោះមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវធ្វើការបង្រ្កាបអោយដូចភ្លៀងរលឹម៕