រយៈពេល ៨ខែឆ្នាំនេះ កម្ពុជានាំចេញទំទិញមានទំហំទឹកប្រាក់ជាង ១៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៦%

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញទូរលេខការធ្វើពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះបើ​គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២២ ការចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់​ប្រមាណ ១៥ ៦៥១ លានដុល្លារអាមេរិក កើនឡើងជាង ២៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ។

ចំណែកទីផ្សារកម្ពុជានាំចេញ ក្នុងនោះការនាំចេញទៅសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់​ប្រមាណ​ជាង ៦ ៤២១ លានដុល្លារ កើនឡើង ៣៧%, វៀតណាម ជាង ១ ៤៦៩ លានដុល្លារ កើនឡើង ជិត ៤%, ជប៉ុន ជាង ៧៨៩ លានដុល្លារ កើនជាង ១០%, អាល្លឺម៉ង់ ជាង ៧៤៧ លានដុល្លារ កើនឡើងជាង ២៩%, អង់គ្លេស ជាង ៦២៧ កើនឡើងជាង ៤២% បើធៀបទៅនឹងឆ្នាំ ២០២១ ក្រៅពីនេះកម្ពុជា​ក៏បាននាំចេញទៅកាន់ប្រទេសជាច្រើនទៀត ​ដោយបន្តកំណើនល្អប្រសើរផងដែរ។

ដោយឡែកចំពោះការនាំចូលវិញ, នៅក្នុងរយៈពេល ៨ ខែនេះដែរ កម្ពុជាបាននាំចូលគិតជាទឹក​ប្រាក់មាន​ទំហំប្រមាណជាង ២១ ៧៦៤ ​លានដុល្លារអាមេរិក​ កើនឡើងជាង ១៨% បើធៀប​រយៈពេលដូចគ្នានឹងឆ្នាំ ២០២១។ ចំណែកទីផ្សារដែលនាំចូលសំខាន់ៗ៖ ការនាំចូលពីប្រទេសចិន មានទំហំទឹកប្រាក់ជាង ៧ ១៩៣ លានដុល្លារ កើនឡើងជាង ២០%, ថៃ ជាង ២ ៦១៣ លានដុល្លារ, កើនឡើងជាង ២៨%, វៀតណាម ជាង ២ ៧៧៤ លានដុល្លារ ​កើនជិត ៣៦%, ស្វីស ជាង ១ ៣៣៩ កើនឡើងជិត ២០០% បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២១, ក្រៅពីនេះក៏មានប្រទេសជាច្រើន​ទៀត ​បាននាំចូលផលិតផលរបស់ខ្លួនចូលទីផ្សារកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិ, ​នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគីរវាងកម្ពុជាអាមេរិក ​មានកំណើនគួរឲ្យកត់សម្គាល់​ ក្នុងនោះកម្ពុជាភាគច្រើន​បាននាំចេញមុខទំនិញទៅកាន់​សហរដ្ឋអាមេរិកដូចជា៖ ផលិតផល​វាយនភណ្ឌកាត់ដេរ​សំលៀកបំពាក់, ស្បែកជើង​ កាបូបសម្រាប់ធ្វើដំណើរ, គ្រឿងបង្គុំបន្ទះសឡា និងផលិតផល​កសិកម្មជាដើម ខណៈការនាំចូលពីសហរដ្ឋអាមេរិកមានដូចជា៖ គ្រឿងចក្រ, រថយន្ត, គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខារពេទ្យជាដើម៕

CATEGORIES
Share This