នគរបាលស្រុកកំរៀងបង្រ្កាបបានម៉ូតូចំនួន០២គ្រឿង ខណៈដែលជនសង័្សយលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់
ខេត្តបាត់ដំបង! កម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំរៀង ព្រមទាំងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២១ ខេត្តប៉ៃលិន បានស្ទាក់បង្រ្កាបករណីលួចនាំយកម៉ូតូចូលពីទឹកដីប្រទេសថៃដោយខុសច្បាប់មួយករណី ដកហូតបានម៉ូតូចំនួន០២គ្រឿង។
លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង០៥និង២០នាទីឈានចូលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ នៅតាមច្រករបៀងត្រង់ចំណុចភូមិឡាក់៦២ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយដកហូតបានម៉ូតូម៉ាកហុងដាភីស៊ីអិច(PCX) ចំនួន០២គ្រឿង ចំណែកជនសង័្សយមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ស្រមោល ។
រហូតមកដល់ពេលនេះម៉ូតូទាំង០២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលស្រុកធ្វើកំណត់ហេតុនិងប្រគល់ទៅឱ្យសមត្ថកិច្ចគយនិងរដ្ឋាករចាត់ការតាមនីតិវិធី រីឯមុខសញ្ញាលួចនាំចូលម៉ូតូខាងលើនេះ សមត្ថកិច្ចនគរបាលស្រុកកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណផងដែរ៕