ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការពារប្រទេសឡាវ
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាច្រើនជាមួយលោកឧត្តមសេនីយ៍ទោ ខាំលៀង ឧថាកៃសន អនុរដ្ឋមន្ត្រីការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ ក្នុងដំណើរទស្សនកិច្ចរបស់លោកជាលើកដំបូងទៅកាន់ប្រទេសឡាវ ។
នៅក្នុងដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានទទួលរាក់ទាក់ និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំកងទ័ពរបស់ឡាវ ខណៈដំណើរទស្សនកិច្ចនេះ ត្រូវបានភាគីឡាវចាត់ទុកថាគឺជាការផ្សារភ្ជាប់ទំនាក់ទំនងមួយដ៏សំខាន់រវាងកងទ័ពនៃប្រទេសទាំងពីរ(កម្ពុជា–ឡាវ)។
ថ្លែងនៅក្នុងកិច្ចជំនួបនោះ លោកឧត្តមសេនីយ៍ទោ ខាំលៀង ឧថាកៃសន បានសម្តែងការស្វាគមន៍ ណិង បានសម្តែងនូវក្តីសង្ឃឹមថា វឌ្ឍនភាពនៃដំណើរទស្សនកិច្ចនេះ ក៏នឹងចូលរួមចំណែកដល់ការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ក្នុងនាមជាប្រទេសជិតខាងល្អ ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែងជាមួយគ្នាមកហើយនោះ។
នៅក្នុងកិច្ចជំនួបនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាពជាប្រពៃណីរវាង កម្ពុជា–ឡាវ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធតាំងពីដើមរៀងមក ជាពិសេសចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំ១៩៥៦ ហើយនៅក្នុងឆ្នាំ២០១៩ ទំនាក់ទំនងទ្វេភាគីកម្ពុជា–ឡាវ ត្រូវបានលើកកម្ពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ជាពិសេស ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តរួចមកហើយ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងនេះឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត។
ឯកឧត្តម ក៏បានសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណចំពោះស្មារតីនៃការជួយយកអាសារគ្នាទៅវិញទៅមករវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា–ឡាវ ក្នុងនាមជាអ្នកជិតខាងភូមិផងរបងជាមួយគ្នាដ៏ល្អ ជាពិសេសនៅក្នុងកាលៈទេសៈលំបាក។
លោកឧត្តមសេនីយ៍ឯកមេបញ្ជការកងទ័ពជើងគោក បានបញ្ជាក់ទៀតថា ចំពោះកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោកភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបានកន្លងមក ទោះបីជាមានការរអាក់រអួលខ្លះ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ–១៩ ដោយថែរក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់របៀបរៀបរយបានល្អប្រសើរនៅតាមតំបន់ព្រំដែន ជាពិសេសការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ កត្តានេះ ជាការបង្កលក្ខណៈឱ្យប្រជាជនទាំងសងខាង ទទួលបាននូវផលប្រយោជន៍តាមរយៈការផ្លាស់ប្តូរសេដ្ឋកិច្ច និងប្រកបរបររកទទួលទានជាមួយគ្នាទៅវិញទៅមក សំដៅលើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំងពីរឱ្យបានកាន់តែរីកចម្រើន។ចំពោះទិសដៅទៅមុខ ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ឱ្យកាន់តែស្អិតរមួត និងរឹងមាំបន្ថែមទៀត ជាពិសេសលើសកម្មភាពផ្លាស់ប្តូរទៅវិញទៅមកក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។
ក្រៅពីនេះកិច្ចពិភាក្សាក៏បានផ្តោតផងដែរលើស្ថានភាពវិវត្តន៍ថ្មីៗនៃបញ្ហាប្រឈមសាកល និងតំបន់មួយចំនួន ដោយបានកត់សម្គាល់អំពីសារៈសំខាន់នៃការកសាងទំនុកចិត្តទៅវិញទៅមក ព្រមជាមួយនឹងសុឆន្ទៈនៃការពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគី និងពហុភាគី ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលកើតមាន និងថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់៕