ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើកវគ្គបំប៉នជំនាញលំហាត់របៀបនៅនឹងកន្លែង ជូនដល់សិក្ខាកាម ៥៦នាក់
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំបើកវគ្គបំប៉នជំនាញលំហាត់របៀបនៅនឹងកន្លែង ជូនដល់សិក្ខាកាម ៥៦នាក់ ។
លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ បានឲ្យដឹងថា ការបើកវគ្គបំប៉នជំនាញលំហាត់របៀបនៅនឹងកន្លែងនេះ មានរយៈពេល ១ខែ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ទីកន្លែងហ្វឹកហាត់នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានសិក្ខាកាមចូលរួម សរុបចំនួន៥៦នាក់ ក្នុងនោះស្រីចំនួន០៥នាក់ ។ សិក្ខាកាមទាំងអស់ ត្រូវបានជ្រើសរើសពីបណ្តាផែនកាងារ ចំណុះស្នងការដ្ឋាននគរបាលខេត្ត ចំនួន៣៦នាក់ និងវរសេនាតូច នគរបាលការពារព្រំដែនគោកទាំង៤ ចំនួន២០នាក់ ហើយសិក្ខាកាមដែលបានជ្រើសរើសមកសិក្សាវត្តនេះ ជាមន្ត្រីនគរបាលដែលពុំទាន់បានឆ្លងកាត់វគ្គបំប៉នជំនាញលំហាត់របៀបចំនួន៣វគ្គ កន្លងមក ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឲ្យដឹងថា ការបង្កើតឲ្យមានវគ្គនេះឡើង គឺ ក្នុងគោលបំណង ៖ ១-ដើម្បីពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ, ២-ពង្រឹងសមត្ថភាពបទពិសោធន៍ចំណេះ ជំនាញ ការងារជាប្រចាំរបស់នគរបាល, ៣-ដើម្បីប្រមូលផ្ដុំកម្លាំងទ្រោលសភាពការណ៍ អន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើសដែលកើតឡើងជាយថាហេតុ ឆ្លើយតបហេតុការណ៍ចំពោះមុខឲ្យបានទាន់ពេលវេលា ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្តាំផ្ញើរផងដែរ ដល់ប្អូនៗ កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងរៀនសូត្រ ឲ្យបានល្អ ដើម្បីយកចំណេះ ជំនាញ វិជ្ជាជីវ: នគរបាលទៅប្រើទាំងកន្លែងការងារ ទាំងជាមួយពលរដ្ឋក្នុងសហគមន៍ និងការការពារប្រតិភូថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ឲ្យមានប្រសិទ្ធភាពខ្ពស់ ៕