ស្រី្តមានជំងឺមហារីក កំពុងជូបការលំបាក ១គ្រួសារ ទទួលអំណោយពី យុវជនកម្ពុជា (ក្រុម១៥៧)

បន្ទាយមានជ័យ ៖ គ្រួសារស្ត្រីមានជំងឺមហារីក ១គ្រួសារ ដែលកំពុងជួបការលំបាកខ្លាំង នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ បានទទួលអំណោយមនុស្សធម៌ ពីសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ សាខាខេត្តបន្ទាយមានជ័យ ។

លោក អេម ពៅ អនុប្រធានតំណាងលោក ជា សុវណ្ណធួន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ បានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ លើកិច្ចការងារមនុស្សធម៌ លោកបានដឹកនាំ សមាជិកក្រុងសិរីសោភ័ណ នាំយកអំណោយ រួមមាន ៖ អង្ក ២៥គីឡូក្រាម, មី ១កេះ, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, អំបិល ១គីឡូក្រាម, ស្ករស ១គីឡូក្រាម, ប៊ីចេង ១គីឡូក្រាម, ប្រេងឆា ១ដប, ទឹកសុទ្ធ ៥យួរ, សារ៉ុង១ និងថវិកា ២១០,០០០ (ម្ភៃមួយម៉ឺន)រៀល ចុះសួរ​សុខទុក្ខគ្រួសារប្រជាពលរដ្ឋឈ្មោះ លឹម មួយ ភេទស្រី អាយុ៤២ឆ្នាំ មានជំងឺមហារីក ដំណាក់កាលចុងក្រោយ ហើយកំពុងជួបការលំបាកខ្លាំង រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួលដល់ការរស់នៅបានមួយរយៈ ។

ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោក អេម ពៅ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់លោកប្រធានសមាគម ចំពោះគ្រួសារពលរដ្ឋទទួលអំណោយ និងបានផ្តាំផ្ញើឲ្យអ្នកជំងឺ ធ្វើយ៉ាងណាព្យាយាមញាំអាហារ និងសម្រាក់ឲ្យបានច្រើន ព្រោះវាអាចធ្វើឲ្យយើងមានកម្លាំងប្រឆាំងនឹងជំងឺបាន ។

ឆ្លើយតបនឹងការនាំអំណោយនេះអ្នកស្រី លឹម មួយ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោកប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងក្រុមការងារ ដែលបាននាំអំណោយចុះសួរសុខទុក្ខ គ្រួសារអ្នកស្រី ហើយអំណោយនេះ ពិតជាមានតម្លៃណាស់ ខណៈពេលដែលគ្រួសារអ្នកស្រីកំពុងជួបការ​លំបាកខ្លាំងនេះ ។

ជាថ្មីម្តងទៀតលោក អេម ពៅ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ បានធ្វើការអំពាវនាវ ដល់បងប្អូនសប្បុរសជន ដែលតែងតែធ្វើការងារមនុស្សធម៌ ចែករំលែកទុក្ខលំបាក ប្រជាពលរដ្ឋក្រីក្រ និងមានជីវភាពខ្វះខាតជាដើម សូមមេត្តាចូលរួមជូយគ្រួសារបងស្រីខាងលើទៅតាមសទ្ធាជ្រះថ្លា ព្រោះគាត់កំពុងតែជួបការលំបាកខ្លាំងណាស់នាពេលនេះ ៕

CATEGORIES
Share This