យុវជនម្នាក់ ត្រូវបានចាប់ខ្លួនក្រោយបង្កហិង្សា វាយយុវជនម្នាក់ទៀតជាច្រើនដៃ
បន្ទាយមានជ័យ ៖ យុវជនម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការឃាត់ខ្លួន ក្រោយបង្កហិង្សា វាយយុវជនម្នាក់ទៀតជាច្រើនដៃ បណ្តាលឱ្យរងរបួស ។
ជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា កាលពីវេលាម៉ោង១៧និង០០នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចសួន មានជ័យ (វេទិការខេត្ត) ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា យុវជនខាងលើ មានឈ្មោះ ថង ប៊ុនហេង ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការឃាត់ខ្លួនកាលពី រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចសួនមានជ័យ (វេទិការខេត្ត) ក្រោយយុវជនរូបនេះ បានប្រើហិង្សាវាយទៅលើជនរងគ្រោះឈ្មោះ ប្លែក សំរេច ជាច្រើនដៃ បណ្ដាលឱ្យរងរបួស ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជនសង្ស័យត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ហើយ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ ៕