ឧត្តមសេនីយ៍ត្រីបោន ប៊ិន ក្រេីនរំលឹកមន្រ្តីទាំងអស់មិនត្រូវយកតួនាទី ឬសិទ្ធអំណាច ទៅគាបសង្កត់ដល់ពលរដ្ឋ ដេីម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានក្រេីនរំលឹកដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ មិនត្រូវយកតួនាទី ឬសិទ្ធអំណាចជាសមត្ថកិច្ច ទៅគាបសង្កត់ដល់ពលរដ្ឋ ដេីម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡេីយ បេីមានករណីនេះកេីតឡេីង ហេីយរកឃេីញថាមន្ត្រីអាវុធហត្ថណាម្នាក់បានប្រព្រឹត្តអំពើនេះ នឹងត្រូវប្រឈមមុខចំពោះច្បាប់ដោយគ្មានការលេីកលែងជាដាច់ខាត ។
ការក្រើនរំលឹកនេះធ្វើឡើងនៅរសៀលថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្ដិដល់យោធិន នៃកងរាជអាវុធហត្ថចំនួន៨៨រូប ក្នុងនោះថ្នាក់អនុសេនីយ៍ឯកចំនួន៣៣រូប ថ្នាក់អនុសេនីយ៍ទោចំនួន៣០រូប ថ្នាក់អនុសេនីយ៍ត្រីចំនួន០២រូប ថ្នាក់នាយចំណង់ចំនួន០៩រូប ថ្នាក់ព្រិនបាលឯកចំនួន០៦រូប ថ្នាក់ព្រិនបាលទោចំនួន០២រូប និងផ្លាស់ប្ដូរមុខតំណែងចំនួន០៦រូប ។
នៅក្នុងពិធីដែលលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយទាហាន នាយទាហានរង សរុបចំនួន១២៦រូបលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានកោតសរសេីរចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួនដោយបានអនុវត្តតាមបទបញ្ជា និងគោរពវិន័យ របស់អង្គភាពកងរាជអាវុធហត្ថបានយ៉ាងល្អប្រសេីរប្រកបដោយទំនួលខុសត្រូវ រហូតទទួលបានការលេីកទឹកចិត្តនិងតំឡើងឋានន្តរសក្ដិរបស់ថ្នាក់លើ ។
ទន្ទឹមជាមួយគ្នានោះដែរ លោកឧត្ដមសេនីយ៍ត្រី ក៏បានណែនាំនិងជំរុញបន្ថែមទៀត ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដាក់ចេញនូវទិសស្លោកចំនួន៤ គឺ -ប្រទេសជាតិត្រូវតែការពារ -ប្រជាត្រូវតែបម្រេី -ច្បាប់ត្រូវតែគោរព -បទល្មើសត្រូវតែបង្ក្រាប។