រដ្ឋបាលក្រុងបាត់ដំបងទុកពេលមួយសប្ដាហ៍អោយម្ចាស់លំនៅឋាន និងអាជីវកម្មដ្ឋាន ក្នុងសង្កាត់ស្វាយប៉ោ ត្រូវធ្វើការរុះរើសំយ៉ាប ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញអោយអស់

ខេត្តបាត់ដំបង! រដ្ឋបាលក្រុងបាត់ដំបង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់លំនៅឋាន និងអាជីវកម្មដ្ឋាន ស្ថិតនៅបណ្តោយផ្លូវលេខ១កន្លះ , ផ្លូវលេខ២ , ផ្លូវលេខ២កន្លះ , ផ្លូវលេខ៣ និងគ្រប់ផ្លូវកាត់ទទឹងពីផ្លូវលេខ១ដល់ផ្លូវលេខ៣ ស្ថិតក្នុងតំបន់អភិរក្ស(ចាប់ពីវត្តពិភិទ្ធារាម ដល់វត្តដំរីស និងចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ )នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវធ្វើការរុះរើសំយ៉ាប ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញអោយអស់។

យោងតាមសេចក្ដីសម្រេចលេខ៥៣៥ សសរ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបាត់ដំបងស្ដីពីការបង្កើតគណៈកម្មការដឹកនាំរៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាពក្រុងបាត់បង ខេត្តបាត់ដំបង
សេចក្ដីណែនាំលេខ០០១/២២.សណន ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបងស្តីពីការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសាធារណៈ ព្រមទាំងការងារអនាម័យ និង បរិស្ថាន នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
-ស្មារតីកិច្ចប្រជុំផ្សព្វផ្សាយណែនាំអំពីការរៀបចំសោភ័ណភាពសណ្ដាប់ធ្នាប់ ក្នុងតំបន់បេតិកភណ្ឌក្រុងបាត់ដំបង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តបាត់ដំបង

រដ្ឋបាលក្រុងបាត់ដំបង មានកិត្តិយសសូមជូនដំណឹងដល់ម្ចាស់លំនៅឋាន អាជីកម្មដ្ឋាន ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងមេត្តាជ្រាបថា៖ ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់ សោភ័ណភាពទីក្រុងឲ្យកាន់តែប្រសើរ រដ្ឋបាលក្រុង សូមជូនដំណឹងដល់ម្ចាស់លំនៅឋាន អាជីកម្មដ្ឋាន ស្ថិតនៅបណ្តោយផ្លូវលេខ១កន្លះ , ផ្លូវលេខ២ , ផ្លូវលេខ២កន្លះ , ផ្លូវលេខ៣ និងគ្រប់ផ្លូវកាត់ទទឹងពីផ្លូវលេខ១ដល់ផ្លូវលេខ៣ ស្ថិតក្នុងតំបន់អភិរក្ស(ចាប់ពីវត្តពិភិទ្ធារាម ដល់វត្តដំរីស និងចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ )នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវធ្វើការរុះរើសំយ៉ាប ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញអោយអស់ និងកែសម្រួលតាមគំរូនិងគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ជាកំហិត។

ក្នុងការណីម្ចាស់លំនៅឋាន អាជីវកម្មដ្ឋានទាំងអស់ មិនអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះ រដ្ឋបាលក្រុង នឹងធ្វើការរុះរើ យកមករក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ជាធរមាន ហើយរាល់ការខូចខាត និងបាត់បង់រដ្ឋបាលក្រុងមិនទទួលខុសត្រូវឡើយ។រដ្ឋបាលក្រុងបាត់ដំបង សង្ឃឹមនិងជឿជាក់ថា ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋាន និងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីសហការខ្ពស់ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថាន ទីក្រុងរបស់យើងទាំងអស់គ្នា ។

CATEGORIES
Share This