គ្រួសារសពមន្ត្រីនគរបាលមរណភាព និងចូលនិវត្ត ២គ្រួសារ ទទួលថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជា
បន្ទាយមានជ័យ ៖ គ្រួសារសពមន្ត្រីនគរបាលមរណភាព និងចូលនិវត្ត ២គ្រួសារ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានទទួលថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជា ។
ពិធីប្រគល់នេះ ធ្វើនៅការិយាល័យធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមការចូលរួមប្រគល់ពីសំណាក់លោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា តំណាង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធាន គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត មានប្រសាសន៍ថា ក្នុងនាមលោកតំណាងឲ្យលោកឧត្តមសេនីយ៍ស្នងការ និងក្នុងនាមលោកផ្ទាល់ សូមចូលរួមសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់ស្វាមីឬឪពុកជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ដែលធ្លាប់ផ្តល់នូវព្រហ្មវិហារធម៌ចំពោះភរិយានិងកូនៗជាទីស្រឡាញ់នាគ្រាកន្លងមក ។ មួយវិញទៀត ស្នងការដ្ឋានក៏បានបាត់បង់ មន្ត្រីនគរបាល០១រូប ដែលធ្លាប់មានស្នាដៃបំរើប្រទេសជាតិ ការពារបូរណភាពទឹកដីនិងការពារសន្តិសុខជូនប្រជាពលរដ្ឋ ។
លោកបន្តថា ថវិកាដែលប្រគល់ជូននាពេលនេះ គឺជាថវិការបស់គណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធានគណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ក្នុងគោលបំណងសម្រាប់ចែករំលេកជួយគ្នាទៅវិញទៅមកចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោម នាពេលជួបការលំបាកឬមានទុក្ខធុរៈក្នុងគ្រួសារ ដោយសមាជិករបស់សមាគម ទទួលបានថវិកាចំនួន៦,០០០,០០០រៀល និងភរិយា ឬប្តីរបស់សមាជិក ទទួលបានថវិកាចំនួន២,០០០,០០០រៀល ផងដែរ ។
សូមបញ្ចាក់ថា គ្រួសារសពមន្ត្រីនគរបាលមរណភាព និងចូលនិវត្ត ដែលត្រូវ ទទួលថវិកា រួមមាន ៖ ១-លោកស្រី អ៊ូច រ៉ា ត្រូវជាភរិយាសពលោកឧត្តមសេនីយ៍ត្រី ម៉ៅ រ៉ៃ (និវត្តជន) ទឹកប្រាក់ចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀលគត់) ។ ២-លោកស្រី អ៊ុង ម៉ាលី ត្រូវជាភរិយាសពលោកវរសេនីយ៍ត្រី អ៊ឹង សាវ៉ាត មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ទឹកប្រាក់ចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀលគត់) ៕