អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ករណីកេងប្រវ័ញ្ចលុយក្រុមហ៊ុន មួយចំនួនធំ
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ករណីកេងប្រវ័ញ្ចលុយក្រុមហ៊ុន អស់មួយចំនួនធំ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះ គង់ វណ្ណរ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ជាប្រធានក្រុមហ៊ុនសន្តិសុខឯកជនឈ្មោះ ស៊ីឃ្យូរីធីហ្គាដ ៨៨៨៨ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ អ៉ីម ធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកចាត់ការទូរទៅក្នុងក្រុមហ៊ុន ថា បានយកប្រាក់របស់ក្រុមហ៊ុន អស់ចំនួន៣០,០០០បាត(បីម៉ឺនបាត)ប្រាក់ថៃ និងប្រាក់ដុល្លារចំនួន៣,៤៥៥$(បីពាន់បួនរយហាសិបប្រាំ)ដុល្លារអាមេរិក។
លោកបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការ និងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៉ីម ធារ៉ា មានទីកន្លែងកំណើតភូមិអំពិលលើ ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។
យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យថា ខ្លួនជាបុគ្គលិកនៅក្រុមសន្តិសុខឯកជនឈ្មោះ ស៊ីឃ្យូរីធីហ្គាដ ៨៨៨៨ មានតួនាទីជាអ្នកចាត់ការទូទៅនៅក្នុងក្រុមហ៊ុន ហើយត្រូវបានក្រុមហ៊ុនមានការជឿទុកចិត្ត ហើយឱ្យខ្លួនដើរប្រមូលប្រាក់ពីអតិថិនជន បានប្រាក់បាតចំនួន៣៥,០០០បាត(បីម៉ឺនប្រាំពាន់)បាត និង ប្រាក់ដុល្លារជាង ៦,០០០$(ប្រាំមួយពាន់)ដុល្លារអាមេរិក។ ក្នុងនោះខ្លួនបានដកប្រាក់របស់ក្រុមហ៊ុនអស់ចំនួន ៣០,០០០បាត(បីម៉ឺន)បាត និងប្រាក់ដុល្លារចំនួន៣,៤៥៥$(បីពាន់បួនរយហាសិបប្រាំ) ដុល្លារអាមេរិក ដេីម្បីយកទៅប្រើការដូចជា បង់ដី និងបង់រំលោះឡានជាដេីម ។
យោងតាមពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យត្រូវបាន កម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕