ជនសង្ស័យម្នាក់ត្រូវបាន ចាប់ខ្លួនពីបទ ធ្វើឱ្យខូចខាត ដោយចេតនា និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

បន្ទាយមានជ័យ​ ៖ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងអាវុធហត្ថ​ក្រុងសិរីសោភ័ណ​  ធ្វើការឃាត់ខ្លួន ដោយចោទប្រកាន់ ពីបទ ធ្វើឱ្យខូចខាត ដោយចេតនា និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។

លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័​ណ​ បានឲ្យដឹងថា​ នៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ មានករណីធ្វើឱ្យខូចខាតដោយចេតនា បានកើតឡើងនៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យមានគ្នាចំនួន០៨ នាក់ បានធ្វើសកម្មភាពជិះម៉ូតូ ដោយមានកាន់កាំបិតផ្គាក់ ជិះដេញតាមជនរងគ្រោះឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ១៤ឆ្នាំ និងឈ្មោះ ឡាយ វីរៈ ភេទប្រុស អាយុ ១៤ឆ្នាំ​ ដល់ចំណុចក្បែរ ភោជនីយ៍ដ្ឋានផ្កាយព្រឹក ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការភ័យខ្លាចជនរងគ្រោះក៏បានផ្ដួលម៉ូតូចោល ហើយរត់ចូលពួនក្នុងផ្ទះប្រជាពលរដ្ឋ ហើយក្រុមរបស់ជនសង្ស័យ ក៏បានធ្វើសកម្មភាពយកកាំបិតផ្គាក់ កាប់បំផ្លាញម៉ូតូ(ម៉ូតូម៉ាកហុងដាស្កុបពី ពណ៍ខៀវ ផលិតឆ្នាំ២០១៧ គ្មានស្លាកលេខ) របស់ជនរងគ្រោះបណ្តាលឲ្យខូចខាតយ៉ាងខ្លាំង។

លោកបន្តថា​ ក្រោយពីទទួលបណ្ដឹងរបស់ជនរងគ្រោះរួច កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការ និងធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចន រាជ (ហៅ រក្សា) ភេទប្រុស អាយុ១៧ឆ្នាំ នាំខ្លួនមកកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី ។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ​២០២២ ៕

CATEGORIES
Share This