សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យរចនាសម្ព័ន្ធពាក់ព័ន្ធរបស់គណបក្សបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលសំឡេងគាំទ្រពីប្រជាពលរដ្ឋបន្ថែម

ខេត្តបាត់ដំបង! ក្នុងកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ ទន្ទឹមគ្នានឹងការបូកសរុបលទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់ថ្មីៗកន្លងទៅនេះ ក៏នឹងមានដែរ ការពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ដើម្បីស្វែងរកធាតុចូលល្អៗបន្ថែមទៀតពាក់ព័ន្ធនឹងចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់ដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខណៈលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងមិនអាចដូចគ្នានឹងលទ្ធផលនៃការបោះឆ្នោតថ្នាក់ជាតិនោះទេ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មានចរិតនៃការតស៊ូផ្នែកនយោបាយតានតឹងជាងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ហើយទន្ទឹមគ្នានេះ សម្រាប់ខេត្តបាត់ដំបងផ្ទាល់ នៅក្នុងការបោះឆ្នោតជាតិខាងមុខ ក៏អាចនឹងមានប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតច្រើនជាងការបោះឆ្នោតឃុំ សង្កាត់ដែរ ជាពិសេសក្រុមប្រជាពលរដ្ឋចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដូច្នេះរចនាសម្ព័ន្ធពាក់ព័ន្ធរបស់គណបក្សបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលសំឡេងគាំទ្រពីប្រជាពលរដ្ឋទាំងនោះបន្ថែមទៀត។

សម្ដេចបានសង្កត់ធ្ងន់ទៀតថា តើយើងនៅមានបញ្ហាអ្វីខ្លះទៀតដែលនៅសេសសល់ ហើយបញ្ហាដែលយើងចាត់ទុកថាវាមិនទាន់យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ តើវានៅសល់បញ្ហាអ្វីទៀត នោះហើយជាបញ្ហាដែលយើងត្រូវតែមើលឱ្យឃើញ ហើយរួមគ្នាដោះស្រាយឱ្យបាន ដូចជាការរំលោភ ការបំពាន ប៉ះពាល់ទៅដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ នេះជាបញ្ហាធំធ្វើឱ្យមានភាពអយុត្តិធម៌ អាចបង្កភាពមិនសប្បាយចិត្ត ហើយមិននាំឱ្យមានការគាំទ្រ និងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារបស់យើង ដូច្នេះត្រូវរកភាពអសកម្ម រកបញ្ហាទាំងនោះឱ្យឃើញហើយនាំគ្នាដោះស្រាយ។

ដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ខាងមុខ សម្ដេចក្រឡាហោម ស ខេង បានណែនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរហូតដល់ឃុំ សង្កាត់ បន្តខិតខំប្រឹងប្រែងចិញ្ចឹមចលនាគណបក្សឱ្យបានកាន់តែរឹងមាំ និងមានគុណភាព និងបន្តសហការផ្ដល់ការគាំទ្រឱ្យបានខ្លាំងក្លាដល់រដ្ឋបាលមូលដ្ឋានឱ្យកាន់តែមានលទ្ធភាពច្រើនក្នុងកិច្ចការបម្រើប្រជាពលរដ្ឋ ពិសេសការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដូចជាគ្រោះមហន្តរាយធម្មជាតិជាដើម។

គួរបញ្ជាក់ថា ខេត្តបាត់ដំបងមានប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោតឆ្នាំ២០២១ ចំនួន ៦៣៣ ពាន់ ៧៦៣នាក់ ស្មើនឹង ៧៩,០២ភាគរយនៃចំនួនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងសរុបចំនួន ៨០១ពាន់ ៩៨៥នាក់ ក្នុងនោះសមាជិកគណបក្សប្រជាជនកម្ពុជាមានចំនួន ៤២៨ពាន់ ៨១១នាក់ ស្មើនឹង ៦៧,៦៦ភាគរយ នៃចំនួនប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោតសរុប។

CATEGORIES
Share This