អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ ប្រធានមន្ទីរថ្មីត្រូវខិតខំអនុវត្តន៍ តួនាទី ភារកិច្ចដែលអង្គភាពប្រគល់ជូនក្នុងការធ្វើឲ្យការងារហិរញ្ញវត្ថុខេត្តមានការរីកចម្រើន

ប៉ៃលិន ៖នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២បានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីសេចកិច្ច នឹងហិរញ្ញវត្ថុខេត្តប៉ៃលិនក្រោមការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមមាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ឯកឧត្តមជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត លោកគោស៊ុម ប៊ុនសឿត អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។

លោកប៉ូច សាអែម ត្រូវបានប្រកាសអោយចូលកាន់មុខតំណែងជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនជំនួសលោកនុត សោភិរក្ស ដែលត្រូវចូលនិវត្តន៍ក្នុងពិធីតែងតាំងខាងលើនេះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលក្រុង មន្ត្រីរាជការ រួមជាមួយមន្ត្រីសាលាខេត្ត សមាជិក សមាជិកក្រុមប្រឹក្សា មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធជាច្រើនរូបផងដែរ។

បន្ទាប់ពីលោក នុត សោភិរក្ស ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិនចាស់ធ្វើរបាយការណ៍សង្ខេបពីលទ្ធផលការងាររយៈពេលកន្លងមករួចមក ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់ប្រកាសតែងតាំង និងប្រគល់ត្រាដល់លោក ប៉ូច សាអែមជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី ចាប់ពីពេលនេះតទៅ។

លោកគោស៊ុម ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិនបានលើកឡើងថា៖ការផ្លាស់ប្ដូរ ឬតែងតាំង សម្រួលភារកិច្ច គឺជាធម្មតាសម្រាប់ក្របខណ្ឌមន្ត្រីរាជការ របស់រាជរដ្ឋាភិបាលទៅតាមគុណបំណាច់ និងស្នាដៃក្នុងការបម្រើជាតិ និងប្រជាជននាពេលកន្លងមក ដូច្នេះលោកសង្ឃឹមថាក្រោយពីការតែងតាំងប្រធានមន្ទីរសេដ្ឋកិច្ចថ្មីនេះ នឹងមានរចនាសម្ព័ន្ធថ្នាក់ដឹកនាំគ្រប់គ្រាន់ ដែលអាចមានលទ្ធភាពបំពេញការងារបំរើប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរ និងទាន់ពេលវេលា តាមសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារៈកិច្ចថ្មី សហការជាមួយអង្គភាពនានា សំដៅបំពេញកិច្ចបម្រើជាតិ និងប្រជាជនអោយទទួលបានជោគជ័យថ្មីៗ និងមានការអភិវឌ្ឍន៏លើគ្រប់វិស័យក្នុងខេត្តប៉ៃលិនអោយបានជាបន្តបន្ទាប់។

ជាមួយគ្នានេះឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសំរេចជ្រើសរើសយកមក ប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមពាក្យស្លោក <<កែទម្រង់ គឺរស់ បើមិនកែទម្រង់ គឺស្លាប់>> ក្នុងន័យនេះការងាកែទម្រង់ គឺការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីដឹកនាំកម្ពុជាឈានទៅសំរេចបានជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តមអគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តាំផ្ញើរដល់លោកប៉ូច សាអែម ដែលជាប្រធានមន្ទីរថ្មីត្រូវខិតខំអនុវត្តតួនាទីភារកិច្ចដែលអង្គភាពប្រគល់ជូនក្នុងការធ្វើឲ្យការងារហិរញ្ញវត្ថុ ខេត្តមានការរីកចម្រើន និងសហប្រតិបត្តិការល្អទន់ភ្លន់ ម៉ត់ចត់ ជាមួយគ្រប់មន្ទីរជំនាញ រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ និងគោលនយោបាយកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យកាន់តែល្អប្រសើរ។

ឯកឧត្តមបានបន្តទៀតថា ក្រៅពីនេះត្រូវខិតខំប្រឹងប្រែងបំពេញមុខនាទីរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវអភិក្រម ការងារដឹកនាំ និងគ្រប់គ្រងអង្គភាព តាមគោលការណ៍ បុរេសកម្ម ការបំពេញកាងារជាក្រុម នានាឲ្យមានតម្លាភាពប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវប្រកបដោយវិជ្ជាជិវៈខ្ពស់។

CATEGORIES
Share This