អគ្គីភ័យឆាបឆេះសាឡាងមួយគ្រឿងនៅឯប្រទេសបង់ក្លាដែស បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣៨នាក់ និងរាប់សិបនាក់រងរបួស
អគ្គីភ័យឆាបឆេះសាឡាងមួយគ្រឿងនៅឯប្រទេសបង់ក្លាដែស បានបណ្តាលឱ្យមនុស្សយ៉ាងតិច ៣៨នាក់ ស្លាប់ និងរាប់សិបនាក់រងរបួស។ ក្រុមមន្ត្រីបាននិយាយថា សាឡាងបានផ្ទុកមនុស្សជាង ៣០០ នាក់ ហើយបានធ្វើដំណើរពីរដ្ឋធានី Dhaka ទៅកាន់ស្រុក Barguna ភាគខាងត្បូងប្រទេសកាលពីថ្ងៃសុក្រ។ មនុស្សជាង ៦០នាក់ កំពុងត្រូវបានគេព្យាបាលរបួសនៅមន្ទីរពេទ្យ ខណៈចំនួនអ្នកស្លាប់អាចកើនឡើងបន្ដទៀត។
អគ្គីភ័យត្រូវបានគេជឿថា បានចាប់ផ្តើមនៅក្នុងបន្ទប់ម៉ាស៊ីន ប៉ុន្តែពុំមានសេចក្ដីរាយការណ៍បញ្ជាក់បន្ថែមនោះទេ។ គួរឱ្យដឹងដែរថា សាឡាងគឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់មួយនៅក្នុងប្រទេសបង់ក្លាដែស ដោយសារទីនោះមានទន្លេច្រើន ហើយដីភាគក៏រាបស្មើ។ ប៉ុន្តែគ្រោះថ្នាក់ និងអគ្គិភ័យ ដែលពាក់ព័ន្ធនឹងសាឡាង គឺមានជាទូទៅផងដែរ៕
CATEGORIES ព័ត៌មានអន្តរជាតិ