រយៈពេល៦ខែឆ្នាំនេះ ចំណូលលក់សំបុត្រចូលទស្សនាអង្គរដល់ភ្ញៀវទេសចរបរទេស កើនឡើងជាង ១០ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១
សៀមរាប៖ កម្ពុជាទទួលបានចំណូលជាង ២,៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២ កើនឡើងជាង ១០ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ៦ខែនេះ មានទេសចរសរុប ៥៩ ៩៨៣នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដែលកើន ១០ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។ ដោយឡែក ក្នុងខែមិថុនា កន្លងទៅនេះ មានទេសចរ ១៤ ២០៤នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយចំណូលលក់សំបុត្រនោះមាន ៥៦៣ ៦៥៣ដុល្លារ។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៦ខែ ចំណូលពីការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ ដែលបានឧបត្ថម្ភទៅមូលនិធិគន្ធបុប្ផា មានចំនួន ១១៩ ៩៦៦ដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។
ស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប ប្រាសាទអង្គរ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ យូណេស្កូ ក្នុងឆ្នាំ ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។
ក្នុងអំឡុងមុនការរាតត្បាតជំងឺកូវីដ១៩ រមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទអង្គរ បានទទួលភ្ញៀវអន្តរជាតិដល់ទៅ ២,២ លាននាក់ក្នុងឆ្នាំ ២០១៩ ដែលរកចំណូលបាន ៩៩ លានដុល្លារ ពីការលក់សំបុត្រ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសពេញលេញឡើងវិញ កាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីស្ថានភាពកូវីដ១៩ក្នុងប្រទេសមានភាពធូរស្រាល ដោយសារអត្រាខ្ពស់នៃប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងមូលដ្ឋាន។ នៅក្រោយប្រកាសទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ១៩ អាជីវកម្មទេសចរណ៍នានា ត្រូវបានគេមើលឃើញថា បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់៕