ព្រះមហាក្សត្រ នឹងយាងទៅដាំដើមឈើនៅខេត្តបាត់ដំបង នៅថ្ងៃទី៩ខែកក្កដាខាងមុខនេះ

បាត់ដំបង៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០២២ខាងមុខនេះ ព្រះអង្គនឹងយានជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី «រុក្ខទិវា ០៩កក្កដា» រៀបចំឡើងនៅខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលបាន​ប្រារព្ធ​ឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា រយៈពេល២ឆ្នាំមកនេះ ដោយសារតែការរីករាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យកម្ពុជាអាក់ខាន ក្នុងការប្រារព្ធនូវ «ទិវាមច្ឆជាតិ ០១ កក្កដា» និង «រុក្ខទិវា ០៩ កក្កដា» ប៉ុន្តែសម្រាប់ឆ្នាំនេះ​ ដោយសារការគ្រប់គ្រងកូវីដ១៩ បាន​យ៉ាងល្អ កម្ពុជាអាចប្រារព្ធពិធីទាំង២នេះ បានឡើងវិញ តាមគន្លងថ្មី។

សម្តេចតេជោ បានបញ្ជាក់ថា «នៅថ្ងៃទី៩ ខែកក្កដាខាងមុខនេះ​ ព្រះមហាក្សត្ររបស់យើង ព្រះអង្គ​នឹងយាងមកដាំកូនឈើ នៅខេត្តបាត់ដំបង»

បុណ្យ «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោល​បំណង​បំផុសចលនាដាំដើមឈើឡើងវិញ ​និងឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ​ការពារ​ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ​របស់ប្រទេស។

ទាក់ទងនឹង«ទិវាមច្ឆជាតិ ០១កក្កដា» និង «រុក្ខទិវា០៩ កក្កដា»នេះសម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បាន​បញ្ជាក់ផងដែរថា​ ការលែងកូនត្រីមិនមែនធ្វើតែមួយថ្ងៃ ​នៅថ្ងៃ០១ ​កក្កដានោះទេ គឺលែង​ពេល​ណាក៏បាន ថ្ងៃណាក៏បាន​ ហើយការប្រារព្ធពិធី គឺគ្រាន់តែជានិមិត្តរូបអំពីយុទ្ធនាការ​នៃការ​លែងកូនត្រីប៉ុណ្ណោះ ​ដូចគ្នានឹងការដាំកូនឈើដែរ ​មិនមែនដាំត្រឹមតែថ្ងៃ០៩​ ខែកក្កដា តែមួយ​ថ្ងៃនោះទេ ​គឺអាចដាំរាល់ថ្ងៃ ​គ្រប់ទីកន្លែង​ តាមដែលអាចធ្វើទៅបាន៕

CATEGORIES
Share This