ពលរដ្ឋក្រីក្រ ២០០គ្រួសារ ទទួលអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

បាត់ដំបង   ៖  ប្រជាពលរដ្ឋក្រីក្រ ២០០គ្រួសារ មកពីភូមិចំនួន៥២ នៃសង្កាត់ទាំង១០ របស់ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានទទួលអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ  អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាននាំយកនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ប្រជាពលរដ្ឋ មកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាកអ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅ ស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ បង្ករ បង្កើនផលដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបាន ប្រសើរឡើង ។

ឯកឧត្តម មានប្រសាសន៍ទៀតថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ធ្វើឱ្យខេត្តបាត់ដំបង បានទទួលសមិទ្ធផលថ្មីៗជាច្រើន ហើយកន្លងមកក្រុងបាត់ដំបង បានទទួល គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង ផ្នែកខាងកើតស្ទឹង  និងថ្មីៗនេះផ្នែកខាងលិចស្ទឹង នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលគ្រោងសាងសង់រួចនៅក្នុងខែសីហា ឆ្នាំ២០២៤ ។

ឯកឧត្តម ក៏បានផ្ដាំផ្ញើ ដល់ឪពុក ម្ដាយ លោកតា លោកយាយ និងអាណាព្យាបាលទាំងអស់បន្តអប់រំកូនចៅ ត្រូវជៀសឆ្ងាញពីគ្រឿងញៀន និងត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ហើយថ្ងៃខាងមុខទៀតក្រសួងសាធារណការ និងដឹកជញ្ជូន កាន់តែរឹតបន្តឹងច្បាប់ចរាចរណ៍ ដូចនេះក្នុងនាមជាប្រជាពលរដ្ឋ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ និងបានមានប្រសាសន៍ជំរុញ បន្ថែមឱ្យបងប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសទី១ ដូសទី២ និងដូសទី៣ ដើម្បីបង្កើនភាពសាំ ទប់ទល់និងជំងឺកូវីដ-១៩ បើក្នុងករណីឆ្លងក៏យើវមានភាពធូស្រាល ៕

ដោយ ៖ Pa J

CATEGORIES
Share This