រដ្ឋបាលរាជធានីភ្នំពេញ ដាក់​កំហិត​ឲ្យ​កម្មវិធីនានារៀបចំតុ ត្រឹមមនុស្ស៧នាក់ ខណៈករណីអូមីក្រុងកំពុងហក់ឡើង​ក្នុងសហគមន៍

ភ្នំពេញ៖ រយៈពេលនេះ ករណីអូមីក្រុងកំពុងហក់ឡើងខ្ពស់ក្នុង​សហគមន៍ នៅក្នុងវិធីនានា រដ្ឋបាលរាជធានីភ្នំពេញ​ បានតម្រូវ​ឲ្យ​មាន​ការរក្សា​គម្លាត ក៏ត្រូវពិនិត្យប័ណ្ណចាក់វ៉ាក់សាំង​ បើ​បុគ្គល​ណា​មួយមិន​បាន​ចាក់​វ៉ាក់សាំង ឬ​ហួស​រយៈពេល៤ខែ ហើយ​ មិនបាន​ទៅ​ចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ​ បុគ្គល​នោះ ​មិន​អនុញ្ញាត​ឲ្យ​ចូលទីតាំង​ ឬ​កន្លែង​ប្រារព្ធ​ពិធី​នោះឡើយ។

បើយោងតាមយោងតាមសេចក្តីណែនាំរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ ​ក៏​បានដាក់​កំហិត​ឲ្យរៀបចំកៅអី​អង្គុយ​មានគម្លាតសុវត្ថិភាព​ ដោយមិនឲ្យលើសពី៧នាក់ ក្នុងមួយតុ ​នៅក្នុងពិធីរៀបចំមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ ​ដែលមានមនុស្សច្រើន ។

យោងតាមសេចក្តីណែនាំ ស្តីពីការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពីការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពិសេសប្រភេទអូមីក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកុម្ភៈនេះ បានលើកឡើងថា ​ចាប់ពីពេលនេះតទៅចំពោះទីតាំងដែលប្រមូលផ្តុំ​មនុស្ស​ច្រើនដូចជា ក​ន្លែងរៀបចំពិធីមង្គលការ ​ភោជនីយដ្ឋាន ​ពិធីបុណ្យទាន ​កន្លែងកម្សាន្ត ​និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ ​ដែលមានមនុស្សច្រើន ​ត្រូវឲ្យរៀបចំកៅអី​ អង្គុយ​មាន​គម្លាត​សុវត្ថិភាព ដោយ​មិនឲ្យលើសពី៧នាក់ ​ក្នុងមួយតុ​ និងត្រូវប្រកាន់ខ្ជាប់​នូវវិធានការ ​សុខាភិបាល ក្នុងការ​ទប់ស្កាត់​ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩​ ដូចជា​បាញ់អាកុល ឬដែលលាងដៃ​ វាស់កំដៅ រក្សា​គម្លាត​សុវត្ថិភាព ​និងពាក់ម៉ាស ​ហើយ​ការ​ដោះម៉ាស​ ចេញក្នុងអំឡុង​ពេល​ទទួល​ទាន​អាហារ ត្រូវទុក​ដាក់​ឲ្យបានត្រឹមត្រូវ ​និងត្រូវ​ពាក់ម៉ាស​វិញ ​នៅ​ពេលងើប​ចេញពីតុជាដើម។

តាមរយៈសេចក្តីណែនាំនេះដែរ ​រដ្ឋបាលរាជធានីភ្នំពេញ ​ក៏បានក្រើនរំលឹកដល់មន្ត្រី ​បុគ្គលិក ​សិស្ស និស្សិត និ​ង​កៀរគរ​ប្រជាពលរដ្ឋ ​ឲ្យទៅ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ​ទាំង​ដូស​មូលដ្ឋាន និងដូសទី៣​ ឬដូសជំរុញ​ឲ្យបានគ្រប់ៗគ្នា ​ដើម្បីបង្កើនភាព​រឹងមាំ​ក្នុង​សហគមន៍ និង​ចៀសវាង​នូវ​មហន្តរាយ​សុខភាព​សាធារណៈ​ ដែលធ្វើឲ្យប៉ះពាល់​ដ​ល់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​សង្គម​ជា​ដើម៕

CATEGORIES
Share This